ភ្នំពេញ៖ 

ស្រ្តីម្នាក់ខឹងប្ដីដើរលេងយប់ហើយនាងខលទៅរក ចូលច្រើនដង ប៉ុន្តែប្ដីអត់លើកទូរស័ព្ទ នាងតូចចិត្ត ក៏បានលើបង្កាន់ដៃស្ពានអាកាសមហាវិថីស៊ីជីនពីងប្រុងលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចជួយទាន់ ។

ហេតុការណ៍ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈនចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅលើស្ពានអាកាសមហាវិថីស៊ីជីនពីង ភូមិ ព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ច បានប្រាប់ថា ស្រ្តីរូបនោះនិងប្ដីរបស់នាងមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង២០ឆ្នាំដូចគ្នា និងស្នាក់នៅផ្ទះជួល នៅបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ នាងបានខលទៅរកប្ដីនាងដែលកំពុងដើរលេងយប់ ប៉ុន្តែខលចូលច្រើនដងហើយប្ដីអត់លើក ធ្វើឲ្យនាងខិងតូចចិត្ត ក៏បានស្ពាយកាបូបពណ៍ផ្កាឈូក១ចេញពីផ្ទះ ។ 

សមត្ថកិច្ច បានប្រាប់ទៀតថា នាងបានដើរឡើងទៅលើស្ពានអាកាសមហាវិថីស៊ីជីនពីង បន្ទាប់មកក៏ឡើងទៅអង្គុយលើបង្កាន់ដៃស្ពាន ដើម្បីលោតសម្លាប់ខ្លួន ប៉ុន្តែពេលនោះប្រជាពលរដ្ឋឃើញ ក៏រាយការជូននគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ ។ ក្រោយពេលទទួលបានដំណឹងខាងលើ នគរបាលនិងប្រជាការ ក៏បានចុះទៅកាន់ទីនោះ ធ្វើការលួងលោមឲ្យស្រ្តីនោះចុះចេញពីបង្កាន់ដៃស្ពានវិញ ។

ប្រភដដែល បានប្រាប់បន្តថា ប៉ុន្តែទោះលួងយ៉ាងណាក៏មិនព្រមចុះដែរ គឺនាងចង់តែលោតសម្លាប់ខ្លួន ព្រោះខឹងប្ដីដើរលេងហើយខលអត់លើកទូរស័ព្ទនាង ។ លុះមួយសន្ទុះក្រោយមក ទើបប្ដីនាងទៅដល់ ហើយខណៈនាងកំពុងមើលប្ដីភ្លេចខ្លួន នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានស្ទុះចូលទៅចាប់ទាញចុះបាសម្រេច រួចប្រគល់ឲ្យប្ដីនាំយកត្រលប់ទៅផ្ទះវិញ ៕