ឌីលរ៉ាប៉ា ឌីលម៊ូរ៉ាត (Dilraba Dilmurat) តារាសម្តែងចិន បាននិងកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រ ក្រោយពេលបង្ហាញរូបសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់ហាន់ហ្វូ ឬឈុតបុរាណចិន នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យសែនព្រះខែរបស់ស្ថានីយទូរទស្សន៍ហឺណាន។

កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ ឌីលរ៉ាប៉ា បានចូលរួមសម្តែងពិសេសក្នុងព្រឹត្តិការណ៍ពិធីបុណ្យសែនព្រះខែ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ផ្កាយរណបហឺណាន ដែលបានចេញផ្សាយកាលពីម៉ោង ៦ កន្លះល្ងាច (ម៉ោងក្នុងតំបន់) កន្លងទៅ។ នៅក្នុងព្រឹត្តិការណ៍នេះ ឌីលរ៉ាប៉ា បានតែងតួជាព្រះនាង ឆាងអឺ ទេពធីតានៃដួងព្រះចន្ទរបស់រឿងព្រេងនិទានចិនបុរាណ ដើម្បីអបអរសាទរនៅក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅក្នុងឆ្នាំនេះ។

យ៉ាងណាមិញបន្ទាប់ពីរូបភាពដែល ឌីលរ៉ាប៉ា បានស្លៀកឈុតហាន់ហ្វូពណ៌លឿងខ្ចីតែងខ្លួនជាព្រះនាងឆាងអឺ ត្រូវបានផ្សព្វផ្សាយទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្តាញសង្គមរួចមក ស្រាប់តែនាងទទួលបានការកោតសរសើរពីអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ពីរូបសម្រស់ដ៏ស្រស់សោភា និងភាពស័ក្តិសមឥតខ្ចោះជាមួយឈុតបុរាណចិនមួយនេះ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនោះ ថែមទាំងបានប្រៀបធៀបនាងដូចទៅនឹងទេពធីតាផុសចេញពីរឿងព្រេងនិទានអ៊ីចឹងដែរ រហូតបានធ្វើឱ្យឈ្មោះរបស់នាងបានជាប់ Trend នៅលើបណ្តាញសង្គមក្នុងប្រទេសចិនភ្លាមៗតែម្តង៕