ភ្នំពេញ៖
រថយន្តម៉ាកFORD RANGERមួយគ្រឿង បើកបោះពួយឡើង ចិញ្ចើមផ្លូវទៅបុកដើមគគីមួយដើមខ្ទេចមុខបន្ទាប់ពីធ្វើដំណើរមកពីខេត្ត ឈប់ស្តុបដេកលក់ប្រមាណជិត១ម៉ោងហើយសមត្ថកិច្ចបានដាស់អោយបើកទៅមុខ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ នៅខាងត្បូងស្តុបអនុវិទ្យាល័យចតុមុខ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តដែលបានជួបគ្រោះថ្នាក់នោះម៉ាកFORD RANGERពណ៌ទឹកក្រួច ពាក់ ស្លាក់លេខភ្នំពេញ2BT 5807 ជិះគ្នាចំនួន៣នាក់។
តាមព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថានៅព្រឹកនោះ គេឃើញរថយន្តម៉ាកFORDមួយគ្រឿងខាងលើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ស្តុប ឈប់រង់ចាំភ្លើងសញ្ញា ស្រាប់តែដេកលង់លក់ទាំង៣នាក់ក្នុងរថយន្ត បង្កអោយកកស្ទះចរាចរណ៍ទាំងព្រឹក។ នៅព្រឹកនោះ សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានចុះទៅគោះកញ្ចក់ទ្វារហៅហើយ អ្នកបើកបរទម្លាក់កញ្ចក់ដោយប្រាប់ថា ងងុយដេកពេក ព្រោះធ្វើដំណើរមកពីខេត្តឆ្ងាយ។ ខណៈនោះសមត្ថកិច្ច ណែនាំអោយចូលចតខាងនិងណែនាំឲ្យទៅរកកន្លែងណាមួយដើម្បីសម្រាក ជៀសវាងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ។
បន្ទាប់ពីណែនាំរួច អ្នកបើកបរក៏បានធ្វើដំណើរទៅមុខដោយល្បឿនលឿនបានប្រមាណជិត ២០០ម៉ែត្រ ក៏ជ្រុលចង្កូតទៅស្ដាំដៃឡើងចិញ្ចឹមផ្លូវបុកដើមគគីរពេញទំហឹង បណ្ដាលឲ្យរថយន្ត រងការខូចខាតមួយកំណាត់មុខផ្ទុះពោងសុវត្តិភាព។ ទោះបីជាយ៉ាងណា ពុំបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
តាមព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថារថយន្តនោះ ឈប់ដេកលក់នៅស្តុប អស់ប្រមាណជិត១ម៉ោង ទើបសមត្ថកិច្ចមកអន្តរាគមន៍ ណែនាំឲ្យបានចេញហើយកើតមានព្រោះថ្នាក់តែម្ដង៕
