ភ្នំពេញ៖ 

បុរសម្នាក់បើករថយន្ដ Highlander មួយគ្រឿងក្នុងល្បឿនលឿនបួងចង្កូតគេច ពីរថយន្តធុនធំឡើងចិញ្ចើមផ្លូវ ក៏រេចង្កូតទៅបុករថយន្តម៉ាកGTV បើកទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹង ប៉ើងទៅផ្ទប់និងរបងផ្ទះពលរដ្ឋនិងធ្វើឲ្យម្ចាស់រថយន្តGTVរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង វត្តជន្លុងម្លូ ក្នុងសង្កាត់ ភ្លើងឆេះ រទេះ ខណ្ឌ កំបូល រាជធានីភ្នំពេញ ។ 

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកGTV ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CB-8149 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅ ពីកើតទៅលិច។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កមួយ គ្រឿងទៀតម៉ាកHighlander ពាក់ផ្លាកលេខភ្នំពេញ 2AR-6753 បើកបរដោយបុរសជន ជាតិចិនម្នាក់ រួមដំណើរជាមួយនិងកូនតូចម្នាក់ទៀត ធ្វើដំណើរទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុក៏បួងចង្កូតគេចពីរថយន្ដធុនធំ ឡើងចិញ្ចើមផ្លូវ ហើយក៏រេចង្កូតឡើងមកវិញ ជ្រុលទៅបុករថយន្តGTV ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់រថយន្ត GTVរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯភាគីរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះ មកដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕