កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ គូស្នេហ៍តារាកូរ៉េ គីម កាអ៊ុន (Kim Ga Eun) និង យូន ស៊ុនវូ (Sun-Woo Yoon) បានដឹកដៃគ្នាចូលរោងការហើយ ក្រោមបរិយាកាសដ៏កក់ក្តៅនៃការចូលរួមជាសក្ខីភាពស្នេហ៍របស់ពួកគេ ពីមិត្តជិតស្និទ្ធ និងមិត្តរួមអាជីពយ៉ាងច្រើនកុះករ។
គីម កាអ៊ុន (Kim Ga Eun) គឺជាតារាសម្តែង បានសាងកេរ្តិ៍ឈ្មោះនៅក្នុងរឿងភាគកូរ៉េជាច្រើន ក្នុងនោះនាងក៏បានសម្តែងនៅក្នុងរឿងភាគល្បីល្បាញមួយដែលមានចំណងជើងថា ឃីង ដឹ ឡែន (King the Land) ដែលបានចាក់ផ្សាយកាលពីឆ្នាំ ២០២៣ កន្លងទៅនេះផងដែរ។ ចំណែកឯ យូន ស៊ុនវូ (Sun-Woo Yoon) ដែលជាស្វាមីថ្មីថ្មោងរបស់នាង ក៏មិនធម្មតានោះដែរ ដោយតារាប្រុសរូបនេះ បានប្រលូកនៅក្នុងវិស័យភាពយន្តតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ ក្នុងនោះ គេក៏ទទួលបានពានរង្វាន់ជាច្រើននៅក្នុងអាជីពជាតារាសម្តែងរបស់គេថែមទៀតផង។
ស្នេហារបស់ពួកគេបានចាប់ផ្តើមនៅអំឡុងឆ្នាំ ២០១៥ ខណៈពេលថតខ្សែភាពយន្តភាគរួមគ្នាដែលមានចំណងជើងថា សីងហ្គល ម៉ាញ ឌែនឌីលៀន (Single-minded Dandelion)។ ចាប់តាំងពីពេលនោះមក ពួកគេក៏បានប្រែក្លាយទំនាក់ទំនងពីមិត្តរួមការងារ ទៅជាទំនាក់ទំនងស្នេហាដ៏អស្ចារ្យមួយ រហូតសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាតែម្តង។
យ៉ាងណាមិញ លី ជុនហូ (Lee Jun Ho) ដែលជាតួឯកប្រុសនៅក្នុងរឿង ឃីង ដឹ ឡែន (King the Land) និងតារាល្បីៗជាច្រើនរូបទៀត ក៏បានចូលរួមក្នុងពិធីមង្គលការរបស់ គីម កាអ៊ុន (Kim Ga Eun) និង យូន ស៊ុនវូ (Sun-Woo Yoon) ផងដែរ៕
