បើនិយាយពី លី ឈីន (Li Qin) រាប់ទុកថាជាតារាសម្តែងស្រីឈានមុខគេមួយរូបនៅប្រទេសចិន។ ក្នុងនោះ កាលពីពេលថ្មីៗនេះ នាងបានសាងភាពភ្ញាក់ផ្អើលសារជាថ្មី ក្រោយបានសម្តែងនៅក្នុងរឿង ហ្វេធិដ ហាត (Fated Hearts)។ រឿងនេះបានធ្វើឱ្យនាងផ្លាស់ប្តូរអត្តចរិតនៃការសម្តែងស្ទើរតែ ១៨០ ដឺក្រេតែម្តង ក៏ដោយសារតែអត្តចរិតតួអង្គនៅក្នុងរឿងនេះ គឺជាតួអង្គដែលមានភាពមុះមុត ក្លាហាន និងជាអ្នកបាញ់ធ្នូដ៏ជំនាញ ដែលខុសពីអត្តចរិតនៃការសម្តែងរបស់នាងនាពេលកន្លងមក ដែលជានិច្ចជាកាល អ្នកគាំទ្រតែងតែឃើញនាងសម្តែងជាតួអង្គបែបស្រគត់ស្រគុំ។

យ៉ាងណាមិញ ក្រោយពេលបង្ហាញមុខនៅក្នុងខ្សែភាពយន្ត ហ្វេធិដ ហាត (Fated Hearts) រួចមក បានធ្វើឱ្យមហាជនអ្នកគាំទ្រសរសើរ លី ឈីន (Li Qin) មិនដាច់ពីមាត់ ក៏ព្រោះតែបច្ចេកទេសនៃការសម្តែង ទឹកមុខ ការបញ្ចូលអារម្មណ៍របស់នាង លើសពីការរំពឹងទុករបស់ពួកគេ។

គួរឱ្យដឹងថា លី ឈីន (Li Qin) បច្ចុប្បន្ន នាងមានអាយុ ៣៥ ឆ្នាំ កើតនៅទីក្រុង ឃុនសាន (Kunshan) ខេត្ត ចាងស៊ូ (Jiangsu)។ តារាស្រីរូបនេះ បានបញ្ចប់ការសិក្សាផ្នែកល្ខោនអូប៉េរ៉ា ពីវិទ្យាស្ថាន សៀងហៃ សៀថឺ អឹឃែដឹមី (Shanghai Theatre Academy)។ លី ឈីន (Li Qin) ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្តដែលមានចំណងជើងថា ដឹ ឌ្រីម អ៊ហ្វ រ៉េដ មែនស្ហឹន (The Dream of Red Mansions) ចាក់ផ្សាយនៅឆ្នាំ ២០១០ និងរឿងល្បីៗជាច្រើនទៀតផងដែរ៕