ការស្លាប់ដ៏គួរឱ្យតក់ស្លុតរបស់តារាសម្តែងចិនដ៏ល្បីឈ្មោះ អ៊ី មឹងឡុង (Menglong Yu) ដែលបានធ្លាក់ពីលើអាគារកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ នៅតែស្ថិតក្នុងមន្ទិលសង្ស័យនៅឡើយ បើទោះបីជាសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះដែលបានស្លាប់នេះ បណ្តាលមកពីការស្រវឹងស្រា ជ្រុលធ្លាក់ពីលើអាគារក៏ដោយ។
តែទោះជាយ៉ាងនេះក្តី ហេតុការណ៍នៃការស្លាប់របស់ អ៊ី មឹងឡុង (Menglong Yu) បានផ្ទុះកក្រើកម្តងទៀត ក្រោយពេលមានសំណេរមួយត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម បន្ទាប់ពីមានស្ត្រីម្នាក់អះអាងថាម្តាយបង្កើតរបស់តារាប្រុសរូបនេះ។ នៅក្នុងសំណេរនោះបានបញ្ជាក់ច្បាស់ៗថា ការស្លាប់របស់លោក អ៊ី មឹងឡុង (Menglong Yu) មិនមែនជាការស្លាប់ដោយឧបទ្ទវហេតុនោះទេ ពោលគឺមានឃាតករនៅពីក្រោយរឿងនេះ។
គាត់បន្តថា ឃាតករដែលបានសម្លាប់កូនប្រុសគាត់ គឺបានបំភ្លៃការពិត បោកបញ្ឆោតសាធារណជនឱ្យជឿថាវាគឺជាឧបទ្ទវហេតុ ហើយបានប្រើប្រាស់ឥទ្ធិពល និងកេរ្តិ៍ឈ្មោះ ដើម្បីបិទបាំងការពិត និងគេចវេសពីការទទួលខុសត្រូវ។
ម្តាយរបស់ អ៊ី មឹងឡុង (Menglong Yu) បន្ថែមថា លោកស្រីមានភស្តុតាងសំខាន់ៗ រួមទាំងវីដេអូឃ្លីប និងសាក្សី ថែមទៀតផង ដែលបង្ហាញយ៉ាងច្បាស់ថា ការស្លាប់របស់កូនប្រុសគាត់ មិនមែនជាឧបទ្ទវហេតុនោះទេ ប៉ុន្តែជាការប៉ុនប៉ងធ្វើឃាត។
លោកស្រីក៏បានជំរុញឱ្យអ្នកដែលដឹងការពិតអំពីការស្លាប់របស់ អ៊ី មឹងឡុង (Menglong Yu) ជួយធ្វើជាសំឡេង និងផ្សព្វផ្សាយការពិត ដើម្បីឱ្យរឿងរ៉ាវមួយនេះកាន់តែរីកសុះសាយ។ លោកស្រី ក៏បានជំរុញឲ្យអាជ្ញាធរបើកការស៊ើបអង្កេតម្តងទៀត និងនាំជនដៃដល់មកកាត់ទោសផងដែរ។
យ៉ាងណាមិញ ថ្វីដ្បិតតែ សំណេរខាងលើនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថាជាសំណេរពិតប្រាកដចេញពីម្តាយរបស់ អ៊ី មឹងឡុង (Menglong Yu) ផ្ទាល់ក៏ដោយ ប៉ុន្តែបន្ទាប់ពីបែកធ្លាយពេញបណ្តាញសង្គមរួចមក បានធ្វើឱ្យកក្រើកពេញប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសចិន ដោយក្នុងនោះមហាជនភាគច្រើនបានចូលរួមរំលែកទុក្ខដល់ការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងសមាជិកគ្រួសារ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកខ្លះទៀតបានធ្វើការដាស់តឿនថា អ្នកដែលបានយកការពិតមកលាតត្រដាងនេះប្រយ័ត្នមានគ្រោះថ្នាក់លើខ្លួន៕
