ក្រោយពេលជំនះរាល់គ្រប់ឧបសគ្គនៅក្នុងវិស័យបវរកញ្ញានាពេលកន្លងមក រហូតក្លាយជា Miss Earth Cambodia 2025 ពេលនេះ កញ្ញា សារ៉ាន់ គីមឡាង ត្រូវបានជ្រើសរើសតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតនៅលើឆាក Miss Earth 2025 នៅប្រទេសហ្វីលីពីនហើយ។
កាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ បវរកញ្ញាស្រអែមស្រស់ គីមឡាង បានធ្វើដំណើរចាកចេញពីមាតុភូមិ នៅឯព្រលានយន្តហោះអន្តរជាតិមរតកតេជោ ឆ្ពោះទៅកាន់ទីក្រុង ម៉ានីឡា នៃប្រទេសហ្វីលីពីន ជាមួយការចូលរួមជូនដំណើរយ៉ាងច្រើនកុះករពីមហាជនអ្នកគាំទ្ររបស់នាង។
ជាមួយនឹងការទទួលបានភារកិច្ចដ៏ធំក្នុងការតំណាងប្រទេស គីមឡាង បានតាំងចិត្តនាំយកសារសំឡេងដ៏មានកម្លាំងសម្រាប់បរិស្ថាន គឺនាងបានតាំងចិត្តខ្ពស់មែនទែន ដើម្បីវេទិកាប្រកួតសម្រស់អន្តរជាតិមួយនេះ។ គីមឡាង បន្តថា នាងនឹងលើកយកប្រធានបទការការពារបរិស្ថាន និង ការទុកដាក់សំរាម ដើម្បីបញ្រ្ជាបការយល់ដឹងដល់យុវជន និងពលរដ្ឋបន្តថែរក្សាបរិស្ថានឱ្យបានស្អាតថែមទៀតផង។ តួយ៉ាងនាពេលកន្លងមក គីមឡាង តែងតែបង្ហាញឱ្យឃើញតាមរយៈសំឡេង និងសកម្មភាពជាប្រចាំ ដើម្បីជួយជំរុញការផ្លាស់ប្តូរដល់សហគមន៍ និងសង្គម ជាពិសេសកញ្ញាបានត្រៀមខ្លួនជាស្រេចក្នុងការតំណាងនាំយកឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាក Miss Earth 2025 ។
គួរបញ្ជាក់ផងដែរថា កញ្ញា សារ៉ាន់ គីមឡាង ដែលជាម្ចាស់មកុដ Miss Earth Cambodia 2025 បាននិងកំពុងតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2025 នៅឯប្រទេស ហ្វីលីពីន ខណៈពេលដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥៕
