កាន់តែកៀកដល់ថ្ងៃឡើងទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe លើកទី ៧៤ ហ្វីយ៉ាតា កាន់តែមិនបន្ធូរដៃនោះទេ។ ក្រោយគ្រងមកុដជាកញ្ញាឯកចក្កវាឡកម្ពុជាកន្លងមកនេះ ហ្វីយ៉ាតា បានដុសខាត់សមត្ថភាពបន្ថែមទៅលើ សំណួរចម្លើយ ការដើរ និងការរៀបចំខ្លួនជាដើម។ ក្នុងនោះ ស្រីស្អាតរូបនេះ តែងតែបង្ហាញឱ្យឃើញពីសកម្មភាពនៃការហ្វឹកហាត់ការដើរផ្សេងៗ មុនចាកចេញពីមាតុភូមិទៅប្រកួតក្នុងកម្មវិធីខាងលើ។ ដ្បិតថា មានការមមាញឹកទៅលើមុខជំនួញផ្ទាល់ខ្លួន និងពង្រឹងសមត្ថភាពក៏ពិតមែន ប៉ុន្តែបវរកញ្ញារូបនេះ មិនដែលភ្លេចអ្នកគាំទ្ររបស់ខ្លួននោះឡើយ ដោយថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ហ្វីយ៉ាតា បានបង្ហោះសំណេរមួយរៀបរាប់ថា នឹងត្រៀមឡានក្រុង ដើម្បីដឹកអ្នកគាំទ្រ និងអ្នកដែលមានបំណងចង់ចូលរួមជូនដំណើរនាងនៅថ្ងៃចាកចេញទៅប្រកួត Miss Universe ពោលគឺនៅថ្ងៃទី ២ ខែវិច្ឆិកា ខាងមុខនេះ អាចមកចូលរួមបានទាំងអស់គ្នា ដោយការជួបជុំនៅអាគារ Connexion កោះពេជ្រ។ ហ្វីយ៉ាតា បន្តថា ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងដ៏សំខាន់ ឱ្យបណ្តាប្រទេសផ្សេងៗ ដែលកំពុងតាមដានវិស័យប្រកួតសម្រស់មួយនេះ បានឃើញពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ ហើយវាក៏ជាការផ្តល់នូវភាពកក់ក្តៅមួយ សម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជាយើងផងដែរ។
គួររំលឹកបន្ថែមថា ការប្រកួត Miss Universe លើកទី ៧៤ នឹងធ្វើឡើងនៅប្រទេសថៃ ដែលវគ្គប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្នុងនោះ ហ្វីយ៉ាតា ដែលជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា ក៏នឹងធ្វើការចាកចេញពីមាតុភូមិ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅព្រលានយន្តហោះអន្តរជាតិតេជោ៕
