យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា តារាចម្រៀង ផាក ប៊ុម (Park Bom) បានដាក់ពាក្យប្តឹង យ៉ាង យុនស៊ុក (Yang Hyun-suk) ផលិតករប្រតិបត្តិរបស់ YG Entertainment។ ការដាក់ពាក្យប្តឹងរបស់ Park Bom បានធ្វើឡើងនៅលើគណនី IG របស់នាងផ្ទាល់តែម្តង ដោយបានភ្ជាប់ជាមួយលិខិតប្តឹងជាសាធារណៈ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និងទីភ្នាក់ងាររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ អ្នកតំណាងផលិតកម្ម D-Nation Entertainment ដែលជាទីភ្នាក់ងាររបស់ Park Bom បាននិយាយថា “ផាក ប៊ុម (Park Bom) គឺហួសពីដែនកំណត់នៃការគ្រប់គ្រងរបស់ពួកយើង ប៉ុន្តែអំឡុងពេលនេះយើងក៏កំពុងតែត្រួតពិនិត្យព័ត៌មានលម្អិតផ្សេងៗដែលនាងបានប្តឹង យ៉ាង យុនស៊ុក (Yang Hyun-suk) ដូចគ្នា” ។

យោងតាមឯកសារនោះ ផាក ប៊ុម (Park Bom) បានធ្វើការចោទប្រកាន់ យ៉ាង យុនស៊ុក (Yang Hyun-suk) ពីបទក្លែងបន្លំ និងកេងចំណេញ ដោយអះអាងថា អ្នកគ្រប់គ្រងរូបនេះមិនបានបង់ប្រាក់កម្លាំងពលកម្មរបស់នាង ដូចជា ការច្រៀង ការសម្តែង ការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្សេងៗជាច្រើនទៀត សរុបជាទឹកប្រាក់ប្រមាណជា 64.24 Billion វ៉ុន (ជាង 44 លានដុល្លារអាមេរិក)។

គួរឱ្យដឹងដែរថា កាលពីខែសីហា កន្លងទៅនេះ ផលិតកម្ម D-Nation Entertainment ក៏ធ្លាប់បានប្រកាសដែរថា ផាក ប៊ុម (Park Bom) នឹងមិនចូលរួមក្នុងសកម្មភាពជាមួយក្រុម 2NE1 ទៀតនោះទេ ដោយសារមានបញ្ហាសុខភាព៕