ព្រឹត្តិការណ៍កីឡារត់ Pink Run 2025 ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលានៅបិរវេណមុខសួនវត្តបទុមវតី មានអ្នកចូលរួមជាង ៤០០០នាក់ កើនលើសឆ្នាំមុន២០ភាគរយ។ ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងបញ្រ្ជៀបការយល់ដឹងក្នុងការការពារជំងឺមហារីកសុដន់។ក្នុងចំណោមនោះ អ្នកពិនិត្យសុខភាពពាក់ព័ន្ធនឹងបញ្ហាជំងឺមហារីកសុដន់ ក៏មានកំណើនច្រើនផងដែរ។
Pink Run លើកទី៣ ឆ្នាំ ២០២៥ ធ្វើឡើងក្នុងគោលបំណងសំខាន់ លើការផ្សព្វផ្សាយពីបញ្ហាជំងឺមហារីកសុដន់ និងបំផុសចលនាកីឡាដល់ប្រជាជនទាំងអស់។
ប្រាប់អ្នកសារព័ត៌មានក្រោយចប់កម្មវិធីឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការNOCC បានបញ្ជាក់ថាព្រឹត្តិការណ៍លើកទី៣នេះ មានអ្នកចូលរួមរត់ ទាំងជាតិ និងអន្ដរជាតិសរុបជាង ៤ពាន់នាក់ កើនឡើង ២០ភាគរយបើធៀបនឹងឆ្នាំ ២០២៤។ ការចូលរួមរបស់ក្មេងៗក៏មានកំណើន ដែលនេះបង្ហាញពីសញ្ញាណវិជ្ជមាន នៃការយល់ដឹងអំពីបញ្ហាសុខភាពរបស់ពលរដ្ឋទូទៅ។
ព្រឹត្តិការណ៍រត់ ដែលរៀបចំនៅបរិវេណមុខសួនច្បារវត្តបទុមវតី មាន៣វិញ្ញាសា ក្នុងនោះមានវិញ្ញាសាចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២,៥គីឡូម៉ែត្រ។ តាមរយៈការផ្សាយរបស់ NOCC ឯកឧត្តម វ៉ាត់ ចំរើនបានប្រគល់ថវិកាចំនួន ៣,៩០០ដុល្លារដល់មូលនិធិឧបត្តម្ភកម្មវិធីលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ សម្រាប់ប្រើប្រាស់ជួយសម្រាលដល់អ្នកជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕
