ផ្ទុះការភ្ញាក់ផ្អើញនៅក្នុងវិស័យតន្ត្រីហុងកុង ក្រោយពេលតារាចម្រៀងស្រីជើងចាស់វ័យ ៥៩ ឆ្នាំ លោកស្រី សឺលី ខ្វាន់ (Shirley Kwan) ដែលមានភាពល្បីល្បាញអំឡុងឆ្នាំ ១៩៨០-១៩៩០ តាមរយៈបទ រែលី អឹ ឡើបវឺ (Rarely a Lover) ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក HK01 បានរាយការណ៍ថា នៅពេល តារាចម្រៀងរូបនេះ ចូលមន្ទីរពេទ្យ គេសង្កេតឃើញទឹកមុខកូនប្រុសអាយុ ២៣ ឆ្នាំ និងឪពុករបស់លោកស្រី បានបង្ហាញការព្រួយបារម្ភជាខ្លាំង។ សាក្សីនៅមន្ទីរពេទ្យក៏បាននិយាយផងដែរថា កូនប្រុសរបស់គាត់ថែមទាំងបានយំនៅខាងក្រៅបន្ទប់អ្នកជំងឺទៀតផង ខណៈដែលសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធនៅតែបន្តមកសួរសុខទុក្ខជាហូរហែ។ ជាមួយគ្នានេះ ក៏មានការរាយការណ៍បន្ថែមថា លោកស្រី ប្រហែលជាត្រូវដាក់ទុយោក្នុងបំពង់ខ្យល់ ដោយសារតែក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យយកអាហារ ឬវត្ថុរាវចូលក្នុងបន្ទប់អ្នកជំងឺនោះឡើយ។
គួរឱ្យដឹងថា លោកស្រី សឺលី ខ្វាន់ (Shirley Kwan) គឺជាតារាចម្រៀងស្រីមួយរូបដ៏មានឥទ្ធិពលបំផុតនៅទសវត្សរ៍ឆ្នាំ ៩០ របស់ហុងកុង។ ទឹកដមសំឡេងដ៏ពិសេស និងស្ទីលច្រៀងដ៏ពីរោះ បានធ្វើឱ្យលោកស្រីទទួលបានរហស្សនាមថា "រាជនីចម្រៀងសង់ទីម៉ង់ប្រចាំអាស៊ី"។ យ៉ាងណាមិញ អំឡុងពេលដែលសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈ ស្រាប់តែលោកស្រីបានបាត់មុខពីវិស័យមួយនេះនៅអំឡុងឆ្នាំ ២០០១ បន្ទាប់ពីមានផ្ទៃពោះ ហើយបានផ្លាស់ទៅប្រទេសកាណាដាដើម្បីសម្រាលកូន។ ក្រោយមកទៀតលោកស្រីបានលាតត្រដាងថា លោកស្រីគឺជាម្តាយដែលចិញ្ចឹមកូនតែឯង និងបានបង្កឱ្យមានភាពភ្ញាក់ផ្អើលម្តងទៀតនៅក្នុងឆ្នាំ ២០១៤ ក្រោយពេលលោកស្រីទទួលស្គាល់ថាឪពុករបស់កូននោះ គឺជា ព្រះសង្ឃប៊ូតាន។ ចាប់តាំងពីពេលនោះមក ជីវិតរបស់ លោកស្រី បានជួបនូវព្យុះភ្លៀងជាច្រើន រហូតនៅឆ្នាំ ២០២០ លោកស្រីក៏បានប្រកាសចូលនិវត្តន៍ពីវិស័យសិល្បៈតែម្តង។ ដោយឡែក ចំពោះអាការជំងឺថ្មីៗនេះរបស់លោកស្រី បាននិងកំពុងធ្វើឱ្យអ្នកគាំទ្រនៅទូទាំងអាស៊ី រួមទាំងមិត្តរួមអាជីពជាច្រើនមានការតក់ស្លុត និងបានផ្ញើសារផ្តល់កម្លាំងចិត្ត និងជូនពរ លោកស្រី នៅលើបណ្តាញសង្គម ឱ្យឆាប់ជាសះស្បើយឡើងវិញផងដែរ៕
