ថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនបាននិយាយថា ថម គ្រូស (Tom Cruise) គ្រោងរៀបការជាមួយនឹងតារាសម្តែង អាណា ដេ អាម៉ាស (Ana de Armas) ឆាប់ៗខាងមុខនេះ។
ពិធីមង្គលការរបស់ពួកគេដែលនឹងធ្វើឡើងនេះ អាចនឹងមិនមែនជាពិធីមង្គលការធម្មតាទូទៅនោះទេ ប៉ុន្តែវានឹងក្លាយជាពិធីមង្គលការដ៏អស្ចារ្យ ដូចនៅក្នុងឈុតឆាករបស់រឿង មិសសិន អ៊ីម ផស ស៊ីបល (Mission: Impossible) អ៊ីចឹងដែរ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉ាដា អនឡាញ (RadarOnline) បានរាយការណ៍ថា ពួកគេទាំងពីរបានបើកជំហរការទាក់ទងគ្នាជាសាធារណៈនៅអំឡុងដើមឆ្នាំ២០២៥។ ដោយឡែក ថ្មីៗនេះពួកគេក៏បាននិងកំពុងពិភាក្សាគ្នា អំពីរឿងរៀបចំពិធីមង្គលការផងដែរ បើទោះបីជាពួកគេនៅមិនទាន់បានភ្ជាប់ពាក្យជាមួយគ្នាក៏ដោយ។
យ៉ាងណាមិញបើយោងតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា ពួកគេទាំងពីរចង់ឱ្យថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេមានលក្ខណៈខុសប្លែកពីគេ ដោយ ថម គ្រូស (Tom Cruise) ចង់រៀបការនៅក្នុងលំហរអាកាស ឬលោតឆ័ត្រយោង និងចង់និយាយពាក្យសច្ចានៅក្នុងលំហរអាកាសថែមទៀតផង។
ដ្បិតថា មានវ័យ ៦៣ ឆ្នាំក៏ពិតមែន ប៉ុន្តែ ថម គ្រូស (Tom Cruise) នៅតែមានអារម្មណ៍រំភើបដូចទើបតែបានរៀបការជាលើកដំបូងអ៊ីចឹងដែរ។ ជាមួយគ្នានេះ ពិធីមង្គលការរបស់ពួកគេ ក៏នឹងធ្វើឡើងឱ្យអធិកអធម ដោយមិនខ្វល់ពីការរិះគន់របស់មហាជននោះឡើយ។
