កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ Billboard បានរាយការណ៍ថា ក្រុមចម្រៀងកូរ៉េដ៏ល្បីល្បាញ ថ្វៃស៍ (TWICE) ត្រូវបានអញ្ជើញចូលរួមសម្តែងក្នុងកម្មវិធីបង្ហាញម៉ូតដ៏ធំប្រចាំឆ្នាំ ដែលមានឈ្មោះថា “វ៉ីកធូរៀ ស៊ីឃ្រីត ហ្វេសស្ហឹន សូ” (Victoria’s Secret Fashion Show) ឆ្នាំ ២០២៥។ ជាមួយគ្នានេះ តារាចម្រៀងអន្តរជាតិល្បីៗ ដូចជា “ខារ៉ល ជី” (Karol G), ម៉ាឌីស៊ុន បៀរ៍ (Madison Beer) និង មីសស៊ី អ៊ីលលីត (Missy Elliott) ក៏ឡើងសម្តែងនៅក្នុងកម្មវិធីនេះផងដែរ។

យ៉ាងណាមិញ វេទិកាសម្រាប់ការដើរបង្ហាញម៉ូត “វ៉ីកធូរៀ ស៊ីឃ្រីត ហ្វេសស្ហឹន សូ” (Victoria’s Secret Fashion Show) ត្រូវបានរចនាឡើងមកដោយផ្សារភ្ជាប់ជាមួយ ហ្វេសស្ហឹន តន្ត្រី និងថាមពលនៃភាពជឿជាក់របស់ស្ត្រី។ ព្រឹត្តិការណ៍ដ៏ធំនេះ នឹងធ្វើការផ្សាយផ្ទាល់ចេញពីទីក្រុងញូវយ៉ក ចាប់ពីម៉ោង ៧ យប់តទៅ នៅថ្ងៃទី ១៥ ខែតុលា។

ដោយឡែក ការបង្ហាញខ្លួនរបស់ក្រុមចម្រៀងនារីកូរ៉េ ថ្វៃស៍ (TWICE) នៅលើវេទិកាបង្ហាញម៉ូតខាងលើ រាប់ទុកថាជាប្រវត្តិសាស្រ្តដ៏គួរឱ្យចងចាំមួយនៅក្នុងវិស័យ K-pop  ដែលបានពង្រីកខ្លួនទៅកាន់ឆាកលំដាប់ពិភពលោកបែបនេះ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញឱ្យឃើញពីឥទ្ធិពលរបស់ក្រុមចម្រៀងនារី K-pop ក្នុងនាមជាអ្នកតំណាងឱ្យសិល្បការិនីផ្សេងទៀតនៅអាស៊ីផងដែរ។

គួរឱ្យដឹងបន្ថែមថា ក្រោយបញ្ចប់ការសម្តែងនៅក្នុងកម្មវិធីបង្ហាញម៉ូត “វ៉ីកធូរៀ ស៊ីឃ្រីត ហ្វេសស្ហឹន សូ” (Victoria’s Secret Fashion Show) នៅទីក្រុងញូវយ៉ក ថ្វៃស៍ (TWICE) ក៏នឹងធ្វើការប្រគុំតន្ត្រីទេសចរណ៍ពិភពលោករបស់ខ្លួននៅឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅអាមេរិកខាងជើង អឺរ៉ុប និងសហរាជាណាចក្រជាដើម៕