រាប់ទុកថា ជាដំណឹងដ៏រីករាយ បន្ទាប់ពីផលិតកម្ម ផ្លេឌីស អេនថឹថេនម៉ឹនថ៍ (Pledis Entertainment) បានធ្វើការរាយការណ៍មួយថា ក្រុមចម្រៀង “TWS” បានចុះ MOU ជាមួយសមាគមបាត់ទាល់កូរ៉េ (KFA) ដើម្បីពង្រីកឥទ្ធិពលបាត់ទាល់ និងវប្បធម៌កូរ៉េ ឆ្ពោះទៅកាន់វេទិកាពិភពលោក មុនការប្រកួត “FIFA World Cup” ឆ្នាំ២០២៦ នៅទ្វីបអាមេរិកាខាងជើងមកដល់។
ក្រោយពេល “TWS” ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតផ្លូវការរបស់សមាគមបាល់ទាត់កូរ៉េរួចមក ក្រុមចម្រៀងនេះ ក៏នឹងមានការសម្តែងនៅពាក់កណ្តាលតង់នៃការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកូរ៉េ និងក្រុមជម្រើសជាតិប្រេស៊ីល នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋាន “Seoul World Cup Stadium” ផងដែរ។
ជាមួយគ្នា ក្រុមចម្រៀង TWS ក៏នៅមានគម្រោងចូលរួមសកម្មភាពជាច្រើនទៀតបន្តបន្ទាប់ទៀត ទាំង Online និង Offline ដើម្បីធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមជម្រើសជាតិ និងបណ្តាអ្នកគាំទ្ររបស់ពួកគេ។
គួរឱ្យដឹងថា TWS គឺជាក្រុមចម្រៀងដែលបានបង្ហាញខ្លួនជាផ្លូវការនៅអំឡុងឆ្នាំ ២០២៤ មានសមាជិក ៦ នាក់ រួមមាន ស៊ីនយូ (SHINYU), ដូហ៊ុន (DOHOON), យ៉ុងជេ (YOUNGJAE), ហាន់ជីន (HANJIN), ជីហ៊ុន (JIHOON) និង គ្យុងមីន (KYUNGMIN)។ ដ្បិតថា ពួកគេទើបតែបង្ហាញខ្លួននៅក្នុងវិស័យ K-Pop ក៏ពិតមែន ប៉ុន្តែ TWS ទទួលបានការគាំទ្រខ្លាំងពីមហាជន បន្ទាប់ពីបានបញ្ចេញបទចម្រៀងដែលមានចំណងជើងថា ផ្លត ថ្វីស (plot twist)។ មិនតែប៉ុណ្ណោះបទនេះ ក៏ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីតារាងចម្រៀង មេឡន់ អ៊ែន្យូល ឆាត “Melon Annual Chart 2024” ថែមទៀតផង។ ទន្ទឹមនឹងនេះ TWS ក៏បាននិងកំពុងត្រៀមបញ្ចេញ Mini Album ទី ៤ របស់ខ្លួន ដែលមានឈ្មោះថា ផ្លេ ហាត (play hard) នៅថ្ងៃទី ១៣ ខែតុលា ឆាប់ៗខាងមុខនេះ៕
