កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ទីក្រុង ឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េខាងត្បូង បានរៀបចំកម្មវិធី ដង្ហែក្បួនវប្បធម៌ចម្រុះជាតិសាសន៍នៃជនបរទេស (Migrants Arrirang Multicultural Festival-MAMF 2025) ដែលនៅក្នុងឆ្នាំនេះ មានការចូលរួមដើរដង្ហែក្បួនរហូតដល់ទៅ ២១ ប្រទេសឯណោះ។ ក្នុងនោះ ក៏មានប្រទេសកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ហើយថែមទាំងទទួលបានចំណាត់ថ្នាក់លេខ៣ ពីព្រឹត្តិការណ៍ MAMF នេះថែមទៀតផង។
ទន្ទឹមនឹងមោទនភាពនៃជ័យលាភី មហាជនក៏មានការភ្ញាក់ផ្អើលខ្លាំងផងដែរ បន្ទាប់ពីឃើញវត្តមានសិល្បករខ្មែរ លោក ប៉ុន សុវីន ហៅ Vin Trapz បានឡើងសម្តែងនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។ តាមរយៈការឡើងសម្តែងរបស់ Vin Trapz បានញ៉ាំងឱ្យកម្មវិធី កាន់តែអធិកអធម និងមហោឡារិក ដោយក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានលើកយកបទចម្រៀងល្បីៗរបស់ខ្លួនចំនួន ២ បទ ទៅសម្តែងលើឆាក MAMF រួមមាន បទ “រំលស់ប្រពន្ធ” និង បទ “ភូមិនេះខ្ញុំកាង”។
យ៉ាងណាមិញ នេះរាប់ទុកថាជាការពង្រីកប្រជាប្រិយភាពរបស់ខ្លួន នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទទួលបានឱកាសទៅចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ ដង្ហែក្បួនវប្បធម៌ចម្រុះជាតិសាសន៍នៃជនបរទេស (Migrants Arrirang Multicultural Festival-MAMF 2025) សម្រាប់ឆ្នាំ ២០២៥ នេះ៕
