ស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជានិងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars លោក ហួត គឹមងួន ឬហៅថាលោក DoRi Cambodia បានដឹកនាំក្រុមបាល់ទាត់ Vlogger All stars ដែលមានលោក Phanrong ជាប្រធានក្រុម រៀបចំកម្មវិធីបាល់ទាត់មួយក្រោមប្រធានបទ «គាំទ្រវីរៈកងទ័ពជួរមុខ»។

តាមការបង្ហើបឲ្យដឹងពីសំណាក់លោក Dori Cambodia បានបញ្ជាក់ថា សម្រាប់កម្មវិធីបាល់ទាត់មួយក្រោមប្រធានបទ «គាំទ្រវីរៈកងទ័ពជួរមុខ»នេះ គឺធ្វើឡើងក្នុងគោលបំណង បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់យើង ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ ។

លោក Dori បានបន្តថា ចំពោះក្រុមដែលចង់ចូលរួមទាំងអស់មិនថាតាមខេត្តអាចចូលរួមបានដោយត្រូវបរិច្ចាគយ៉ាងតិច ២លានរៀល ដើម្បីប្រមូលថវិកាទិញសម្ភារៈចាំបាច់ជួយដល់វីរៈកងទ័ពជួរមុខកម្ពុជា៕

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១០ តុលា ២០២៥ កន្លងទៅថ្មីៗ នេះក្រុមបាល់ទាត់ Vlogger All Stars បានធ្វើការប្រកួតទី១ដោយជោគជ័យ ដោយបានធ្វើការប្រកួតជាមួយក្រុមធីតាមង្គលនិងប្រមូលបានថវិការបានចំនួន២លានរៀល ពីការប្រកួតនោះផងដែរ។