ថ្មីៗនេះ កញ្ញា កុយ អេណា ត្រូវបានផលិតកម្ម Wonder Film Entertainment ជ្រើសរើសជាតួអង្គឯក សម្រាប់ភាពយន្តខ្មែរខ្នាតធំបែបរន្ធត់ព្រឺព្រួចមួយ ក្រោមចំណងជើងថា “កំណើតអរូប វគ្គ២ ” (The Ritual Black Nun ២ )។ តាមការបញ្ជាក់របស់ លោក សែម វិសាល អគ្គនាយក ផលិតកម្មខាងលើ បានឱ្យដឹងថា ភាពយន្តនេះ គ្រោងនិងវាយលុកទីផ្សារអន្តរជាតិជាង ២៥ ប្រទេសលើពិភពលោក។

យ៉ាងណាមិញនៅពីក្រោយនៃការសម្រេចចិត្ត ជ្រើសរើស កញ្ញា កុយ អេនណា សម្រាប់ភាពយន្តខ្នាតធំរបស់ខ្លួន លោក សែម វិសាល រៀបរាប់ថា ការជ្រើសរើសស្រីស្រស់ អេនណា មិនមែនដោយសារតែភាពល្បីល្បាញរបស់នាងកំពុងហក់ឡើងខ្ពស់នោះទេ ប៉ុន្តែ អេនណា មានចំណុចពិសេសៗជាច្រើនខុសពីតារាសម្តែងស្រីដទៃ។ ក្នុងនោះ អេនណា គឺជាតារាដែលមានភាពរឹងមាំ យល់ពីភាពយន្ត មានភាពអំណត់ និងមិនខ្លាចភាពនឿយហត់។ លោកបន្តថា កុយ អេនណា មានចំណុចពិសេសៗ ចំនួន ៥ ដែលលោកសម្លឹងឃើញ ទី១ ទៅលើបុគ្គលិកលក្ខណៈសមជាមួយតួអង្គនៃរឿង, ទី២ សមត្ថភាព, ទី៣ ចរិតការងារ, ទី៤ ទេពកោសល្យ និងទី៥ ការមានទំនួលខុសត្រូវ។ នេះបើតាមការសង្កេតរបស់ លោក សែម វិសាល។

គួរឱ្យរំលឹកដែរថា ភាពយន្តខ្នាតធំរឿង “កំណើតអរូប វគ្គ១” ធ្លាប់ទទួលបានជោគជ័យខ្លាំង បន្ទាប់ពីចាក់បញ្ចាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ជាង ២០ ប្រទេសកន្លងមក។ ដោយឡែក ភាពយន្តខ្នាតធំ “កំណើតអរូប វគ្គ២” នេះវិញ គ្រោងនឹងចំណាយពេលថតជាង ៣ ខែ ហើយអាចនឹងមានការចាក់បញ្ចាំងនៅក្នុងពាក់កណ្ដាលឆ្នាំ ២០២៦៕