តារាសម្តែងហុងកុងដ៏ល្បីល្បាញ ចាវ ប៉ជឺ (Zhang Bo Zhi) មួយរយៈកន្លងមកនេះ នាងបានបាត់មុខពីវិស័យភាពយន្ត និងវិស័យសិល្បៈស្ទើរតែទាំងស្រុងតែម្តង។ ទន្ទឹមនឹងនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលតារាស្រីខាងលើ បានចូលរួមនៅក្នុងកម្មវិធី ដឹ ប្លូមមីង ជូនៀរ៍ ធូ (The Blooming Journey 2) ដោយបាននិយាយយ៉ាងបើកចំហនៅពីក្រោយមូលហេតុនៃការបាត់មុខពីវិស័យសិល្បៈរបស់នាង។ នាងរៀបរាប់ថា ការបាត់មុខពីសិល្បៈ ក៏ដោយសារសុខភាពមិនអំណោយផល ពោលគឺនាងមានបញ្ហាត្រចៀក បាត់បង់ការស្តាប់លឺមួយផ្នែក តាំងពីតូចមកម្ល៉េះ ដែលវាបណ្តាលមកពីហ្សែន។ ដោយមូលហេតុទាំងនេះហើយ ទើប ចាវ ប៉ជឺ (Zhang Bo Zhi) សម្រេចចិត្តចូលនិវត្តន៍ពីវិស័យភាពយន្ត និងកាត់បន្ថយការដើរលើវិថីសិល្បៈ។

ជាមួយគ្នានេះ លោក Wong Jing ដែលជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូប ក៏បានបង្ហើបឱ្យដឹងដែរថា នាងធ្លាប់ចូលមន្ទីរពេទ្យសម្រាកព្យាបាលជាច្រើនដង ក៏ដោយសារតែបញ្ហាសុខភាពធ្ងន់ធ្ងរ។ ម្ល៉ោះហើយ នាងបានសម្រេចចិត្តកាត់បន្ថយការសម្តែង ដើម្បីថែរក្សាសុខភាព និងចំណាយពេលនៅជាមួយកូនៗរបស់នាង។

ដ្បិតថា មានបញ្ហាសុខភាពក៏ពិតមែន ប៉ុន្តែ ចាវ ប៉ជឺ (Zhang Bo Zhi) នៅតែរក្សាស្នាមញញឹម និងទស្សនវិស័យវិជ្ជមានចំពោះជីវិតនាងជានិច្ច។ ក្នុងនោះ នាងបាននិយាយថា "ជីវិតគឺមិនងាយស្រួលនោះឡើយ ប៉ុន្តែរឿងដែលយើងបានឆ្លងកាត់ នឹងកាន់តែធ្វើឱ្យយើងមានភាពរឹងមាំ"៕