អាចនិយាយបានថា វិស័យសិល្បៈនៅក្នុងប្រទេសចិនអាចនឹងផ្ទុះកក្រើកសារជាថ្មីម្តងទៀត ក្រោយពេលមានព័ត៌មានខ្សឹបខ្សៀវតៗគ្នាថា តារាសម្តែងស្រីដ៏ល្បីល្បាញ ចាវ លូ ស៊ឺ (Zhao Lusi) នឹងធ្វើការផ្លាស់ប្តូរផលិតកម្មថ្មី។
កន្លងមកអ្នកគាំទ្រមានការព្រួយបារម្មណ៍ថា នាងអាចនឹងសម្រាកពីវិស័យសិល្បៈមួយរយៈធំ ប៉ុន្តែផ្ទុយទៅវិញ ចាវ លូ ស៊ឺ (Zhao Lusi) ស្រាប់តែបានបង្ហាញមុខនៅក្នុងរឿងភាគថ្មីៗជាបន្តបន្ទាប់ រហូតធ្វើឲ្យនាងទទួលបានតំណែងជាតួឯកស្រីឆ្នើមប្រចាំឆ្នាំថែមទៀតផង។
ទន្ទឹមនឹងភាពជោគជ័យនេះ ក៏មានព័ត៌មានចចាមអារ៉ាមជុំវិញការផ្លាស់ទ្រនំថ្មីរបស់នាងផងដែរ។ ក្នុងនោះ ពួកគេបានលើកឡើងថា នាងអាចនឹងចូលក្នុងផលិតកម្មមួយ ដែលជាបុត្រសម័ន្ធរបស់ អាលីបាបា គ្រុប (Alibaba Group) ប៉ុន្តែសាមីខ្លួនបានចេញមកបដិសេធថា នៅមិនទាន់មានការចុះកិច្ចព្រមព្រៀង ឬ កិច្ចសន្យា ជាមួយផលិតកម្មខាងលើនេះទេ។
ដ្បិតថា ចាវ លូ ស៊ឺ (Zhao Lusi) ចេញមកបដិសេធយ៉ាងនេះក្តី ប៉ុន្តែក៏មានប្រភពជិតស្និទ្ធបានបង្ហើបដែរថា នាងបាននិងកំពុងចរចាជាមួយក្រុមហ៊ុន ហូជីង ខាល់ឆឺ (Hujing Culture) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន យូគុ (Youku) ជាក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អាលីបាបា (Alibaba)។
យ៉ាងណាមិញ ព័ត៌មានចចាមអារ៉ាមទាំងនេះផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីអ្នកគាំទ្របានប្រទះឃើញវីដេអូរឿងភាគថ្មីរបស់ ចាវ លូ ស៊ឺ (Zhao Lusi) ត្រូវបានផ្សព្វផ្សាយនៅលើផ្ទាំង LED របស់អាគារក្រុមហ៊ុន យូគុ (Youku) កាលពីពេលថ្មីៗនេះ។ ពួកគេបានសន្និដ្ឋានថា ចាវ លូ ស៊ឺ (Zhao Lusi) អាចនឹងមានការចុះកុងត្រាសម្ងាត់ណាមួយជាមួយក្រុមហ៊ុន យូគុ (Youku) ហើយអាចនឹងបង្ហាញខ្លួនក្នុងនាមជាតារាសម្តែងស្ថិតនៅក្រោមដំបូលក្រុមហ៊ុននេះ ឆាប់ៗខាងមុខនេះផងដែរ៕
