មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានធ្វើកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យ ទី23 ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសេចក្តីព្រាងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ ទី21 ខែវិច្ឆិកា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី មានពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ទី27 ខែវិច្ឆិកាខាងមុខ ដើម្បីអនុម័តផែនការសន្តិភាពទាំង 28 ចំណុចរបស់ខ្លួន ដែលក្នុងនោះរួមមាន ការអំពាវនាវឲ្យអ៊ុយក្រែនប្រគល់ទឹកដី ទទួលយកដែនកំណត់លើយោធារបស់ខ្លួន និងលះបង់មហិច្ឆតាក្នុងការចូលរួមជាមួយអង្គការណាតូនោះ។