គិតត្រឹមថ្ងៃពុធ ទី26 ខែវិច្ឆិកា ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ 33 នាក់ហើយ ខណៈដែលមូលហេតុភាគច្រើននៃការស្លាប់ រួមមានការរអិលបាក់ដី និងឆក់ចរន្តអគ្គិសនី។ ក្រុង ហាតយ៉ៃ របស់ប្រទេសថៃ គឺជាតំបន់ដែលរងគ្រោះខ្លាំងបំផុត ខណៈដែលទឹកជំនន់បានជន់លិចមន្ទីរពេទ្យរដ្ឋមួយកន្លែង ដែលមានអ្នកជម្ងឺរាប់រយនាក់ កំពុងសម្រាកព្យាបាល។ គ្រោះមហន្តរាយទឹកជំនន់នេះ ក៏បានជន់លិចខេត្តចំនួន 9 ផ្សេងទៀតរបស់ប្រទេសថៃ និងរដ្ឋចំនួន 8 នៅក្នុងប្រទេសម៉ាឡេស៊ី ដោយជំរុញឲ្យមានការជម្លៀសមនុស្សប្រមាណ 45.000 នាក់ នៅក្នុងប្រទេសទាំងពីរ។