មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ បានថ្លែងបញ្ជាក់កាលពីថ្ងៃពុធ ទី26 ខែវិច្ឆិកាថា កោះតៃវ៉ាន់ នឹងចំណាចថវិកាចំនួន 40 ពាន់លានដុល្លារបន្ថែម លើវិស័យការពារជាតិ ដើម្បីទប់ទល់នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។ ស្របពេលដែលបង្ហាញកញ្ចប់ថវិកាចំនួន 1.25 ពាន់ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រមាណ 39.89 ពាន់លានដុល្លារអាមេរិក លោក ឡៃ ក៏បានបញ្ជាក់ថា ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ការព្យាយាមសម្របសម្រួលនៅចំពោះមុខការឈ្លានពាននេះ មិននាំមកនូវអ្វីក្រៅពី "ភាពជាទាសករ" នោះទេ ហើយ "អធិបតេយ្យភាពរបស់កោះតៃវ៉ាន់ មិនអាចត្រូវបានរំលោភបំពាន ឬបញ្ចូលជាទឹកដីរបស់ប្រទេសណាមួយបានជាដាច់ខាត ខណៈដែលអនាគតនៃសាធារណរដ្ឋ ចិន តៃវ៉ាន់ មួយនេះ នឹងត្រូវសម្រេចដោយប្រជាជនចំនួន 23 លាននាក់របស់ខ្លួន។