ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និង 5 នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ទី10 ខែវិច្ឆិកា ដែលជំរុញឲ្យចំនួនអ្នកស្លាប់សរុបដោយការវាយប្រហាររបស់យោធាអ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ2023 មក កើនឡើងដល់ ប្រមាណ 7 ម៉ឺននាក់ហើយ និងប្រមាណ 170.800 នាក់ទៀតរងរបួស។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិប៉ាឡេស្ទីន 3 នាក់រងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីឆ្លងកាត់ "ខ្សែបន្ទាត់លឿង" ជាតំបន់កំណត់ព្រំដែននៅក្នុងតំបន់ហ្គាហ្សា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចូលជាធរមានកាលពីថ្ងៃទី 10 ខែតុលាកន្លងទៅ បានកាត់បន្ថយការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានបញ្ឈប់សកម្មភាពទាំងស្រុងនោះទេ។
