កម្មវិធីសម្ពោធរឿង Wicked: For Good នៅសិង្ហបុរី បានកើតមានភាពចលាចល ខណៈពេលដែល អារីអាណា ហ្គ្រេន (Ariana Grande) ត្រូវបានបុរសម្នាក់រត់មកសង្គ្រប់ពីលើ អំឡុងពេលដើរនៅលើកម្រាលព្រំលឿង កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា កន្លងទៅ ។
យោងតាមរយៈវីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គម បុរសរូបនេះបានរត់ស្ទុះទាំងកំរោលទៅកៀកស្មា អារីអាណា ហ្គ្រេន (Ariana Grande) និងបានធ្វើឱ្យតារាចម្រៀងស្រីរូបនេះ មានការភ័យតក់ស្លុតជាខ្លាំង។ ក្រោយមកទៀត ស៊ីនធា អេរីវូ (Cynthia Erivo) តារាសម្តែងរួមគ្នាជាមួយនាង ក៏បានចូលមករារាំង និងច្រានបុរសរូបនេះចេញភ្លាមៗ ថែមទាំងមានក្រុមអ្នករក្សាសណ្តាប់ធ្នាប់ចាប់ខ្លួនបុរសខាងលើចេញពីកម្មវិធីផងដែរ ។
បុរសដែលបានលើកឡើងនេះ ត្រូវបានគេឱ្យដឹងថា ជាអ្នកបង្កើតមាតិកាជនជាតិអូស្ត្រាលី មានឈ្មោះថា ចនសាន់ វិន (Johnson Wen)។ ដោយឡែកសកម្មភាពបែបនេះ ក៏មិនមែនជាលើកទីមួយនោះដែរ ពោលគឺគេតែងតែអុកឡុកនៅក្នុងកម្មវិធីផ្សេងៗជាច្រើនលើកច្រើនសារ ហើយអ្នកបង្កើតមាតិការូបនេះ តែងតែយកវីដេអូដែលខ្លួនបានបង្កហេតុនោះ ទៅបង្ហោះនៅក្នុងបណ្តាញសង្គម Instagram ដោយមិនចាប់អារម្មណ៍ពីការិះគន់អ្វីទាំងអស់ ។
យ៉ាងណាមិញ បើទោះបីជាមិនទាន់មានរបាយការណ៍ចោទប្រកាន់ណាមួយពីទង្វើអសីលធម៌របស់អ្នកបង្កើតមាតិការូបនេះក្តី ក៏សាធារណជន នៅតែបន្តរិះគន់ ដោយពួកគេគិតថា សកម្មភាពទាំងនេះអាចបណ្តាលឱ្យមានការប៉ះពាល់សុខភាពផ្លូវចិត្តរបស់ អារីអាណា ហ្គ្រេន (Ariana Grande) ៕
