កណ្តាល៖

មនុស្ស០២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងទីតាំងកើតហេតុ បង្កឡើងដោយអ្នកបើកបរម៉ូតូជិះបញ្ច្រាសផ្លូវពេលយប់ បុកគ្នាជាមួយអ្នកបើកបរម៉ូតូផ្លូវអាទិភាពផ្លូវស្រប ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង ០០នាទី កណ្តាលអាធ្រាតឆ្លងចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ(២) អែបរបងសាលាខេត្តកណ្តាល ខាងលិច ជាផ្លូវឯកទិស( ភ្នំពេញ- តាខ្មៅ) ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷នៅវេលាម៉ោងកើតហេតុ  មានម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JA-3528 អ្នកបើកបរឈ្មោះ សួស វិទូ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ  (មិនពាក់មួកសុវត្ថិភាព) ម៉ូតូបើកបរតាមបណ្ដោយផ្លូវជាតិលេខ(២) មានទិសដៅពីត្បូងទៅជើង(បើកបញ្ច្រាសផ្លូវ)។ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA SCOOPY ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FW-7228 បើកបរដោយឈ្មោះ ម៉ា យ៉ុងស្រ៊ុន ភេទប្រុសអាយុ២៤ ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់(៣) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ពាក់មួកសុវត្ថិភាព) ម៉ូតូបើកបរមានទិសដៅពីជើងទៅត្បូង (ផ្លូវអាទិភាព )  បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ទាំង០២នាក់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។ 

លោកអធិការបានបញ្ជាក់ថាក្រោយការពិនិត្យវាស់វែង  សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ម៉ា យ៉ុងស៊្រុន ជូនក្រុមគ្រួសារទាំងយប់។ ចំនែកសពជនរងគ្រោះឈ្មោះ សួស វិទូ  បានរៀបចំរក្សាទុកក្នុងសាលមន្ទីរពេទ្យបង្អែកជ័យជំនះ រហូតព្រឹកថ្ងៃដដែល ទើបក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ម៉ូតូទាំង០២គ្រឿងរងការខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្ន ។ 

សមត្ថកិច្ច បានដាក់សេចក្តីសន្និដ្ធាន ដោយយោងកាមេរ៉ាសុវត្ថិភាព គឺបណ្តាលមកពី ជនរងគ្រោះជិះម៉ូតូ BEAT បើកបរបញ្ច្រាសស្លាកចរាចរណ៏ (បញ្ច្រាសផ្លូវ ដែលជាផ្លូវឯកទិស)៕