កំពង់ស្ពឺ៖ 

លោកតាវ័យ៨៣ឆ្នាំម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលបុរសម្នាក់បានជិះម៉ូតូលឿនបុកពេញទំហឹង នៅពេលដែលលោកតាវ័យចំណាស់ដើរឆ្លងផ្លូវ ។

ហេតុការណ៍ម៉ូតូបុកមនុស្សដើរឆ្លងផ្លូវស្លាប់ បានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៤០ ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1R-2835 អ្នកបើកបរឈ្មោះ ទួន ផៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៤០ ពីទិសខាងត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកមនុស្សម្នាក់មានឈ្មោះ កង មឿន ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងដើរឆ្លងផ្លូវពីទិសខាងលិចទៅទិសខាងកើត បណ្តាលឱ្យស្លាប់ក្រោយពេលដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកឯអ្នកបើកបរម៉ូតូបានរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកសពលោកតាវ័យ៨៣ឆ្នាំត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយនគរបាលជំនាញចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុរងការខូចខាតម៉ូតូ០១គ្រឿងកំរិតស្រាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្នាយរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕