ប្រតិភូ គ្រូបង្វឹក កីឡាករសរុប៤នាក់នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់កោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកពិភពលោក លើកទី១៦ ពីថ្ងៃទី១១-១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
សមាសភាពប្រតិភូកម្ពុជា រួមមាន៖ លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងកីឡាករ តាំង សំបូរ ក្រោមការអនុញ្ញាតជាគោលការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក តឹក ប៊ុនវី បានគូសបញ្ជាក់មុនពេលចេញដំណើរថា នេះជាការចូលរួមប្រកួតរបស់កីឡាកាយវប្បកម្មកម្ពុជា នៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសឥណ្ឌូណេស៊ី ដែលមានជាង៤០ប្រទេសចូលរួម។ នៅក្នុងការចូលរួមប្រកួតកន្លងមក ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ប្រភេទកីឡាកាយវប្បកម្មកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង។ សម្រាប់ការចូលរួមប្រកួត នៅឆ្នាំ២០២៥នេះ លោករំពឹងទុកថា កីឡាករកម្ពុជានឹងអាចដណ្តើមបានភាពជោគជ័យជ័យជូនជាតិបន្ថែមទៀត ដោយសារតែកីឡាករវាយវប្បកម្មកម្ពុជាបានហ្វឹកហាត់ត្រៀមខ្លួនរយៈពេល១ឆ្នាំ ជាពិសេសក្នុងអំឡុងពេល៦ខែចុងក្រោយនេះ។
បើទោះបីជាការប្រកួតកម្រិតពិភពលោកមួយនេះ មិនទាន់ដឹងថាមានកីឡាករប៉ុន្មាននាក់មកពីប៉ុន្មានប្រទែសចូលរួមប្រកួតប្រជែងគ្នាក្នុងចំនួនពិតប្រាកដយ៉ាងណាក្តី ក៏ចៅក្រមអន្តរជាតិរបស់កម្ពុជារូបនេះបង្ហាញនូវក្តីសង្ឃឹមថា កីឡាករកម្ពុជាទាំងពីររូបនេះនឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឱ្យបាននូវលទ្ធផលដ៏គាប់ប្រសើរមកជូនជាតិមាតុភូមិ។ ជារួម គឺការបញ្ជូនកីឡាករចូលរួមប្រកួត លុះត្រាតែយើងដាក់គោលដៅជាមួយនឹងក្តីសង្ឃឹមដែរ ទើបយើងទៅចូលរួម។ ប្រភេទកីឡាកាយវប្បកម្មនេះ មានច្រើនវិញ្ញាសា មិនមែនត្រឹមតែថា កីឡាករណាមួយមានសាច់ដុំល្អ អាចឈ្នះនោះទេ ដោយសំខាន់វាអាស្រ័យលើបច្ចេកទេស និងការវិនិច្ឆ័យជាច្រើនចំណុចទៀត។
លោក តឹក ប៊ុនវី អះអាងថា កីឡាករម្នាក់អាចចូលរួមប្រកួតតែ១វិញ្ញាសាប៉ុណ្ណោះ ដោយអាស្រ័យលើទម្ងន់បូកកម្ពស់របស់កីឡាករ។ បន្ថែមពីលើនេះ លោកលើកឡើងថា ដោយសារតែប្រភេទកីឡាកាយវប្បកម្មប្រឈមមុខខ្លាំងជាមួយនឹងប្រភេទសារធាតុហាមឃត់ក្នុងវិស័យកីឡា «ដូប៉ា ឬដូពីង»។ ប៉ុន្តែចំពោះកីឡាករក្រោមការមើលថែគ្រប់គ្រងរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺដាច់ខាតមិនអនុញ្ញាតឱ្យកីឡាករណាម្នាក់ប្រើប្រាស់សារធតុហាមឃាត់ក្នុងវិស័យកីឡានេះនោះទេ ដោយសហព័ន្ធមានវិធានការច្បាស់លាស់ ក្នុងការត្រួតពិនិត្យ ដើម្បីកិត្តិយសរបស់កីឡាករ សហព័ន្ធ ក៏ដូចជាជាតិទាំងមូលផងដែរ៕
