កំពង់ស្ពឺ៖
ជនសង្ស័យជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួនបាន ខណៈដែលកំពុងតែធ្វើការ ល្បាតតាមមូលដ្ឋាន ហើយ ពើបប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ក៏ឃាត់សួរនាំ។
ការឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាខាងលើ ធ្វើឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ខាងលិចវត្តម្រុំខាងជើងស្ថិតនៅក្នុងផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមន បាននិយាយឱ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន គឺដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុច្បារមន កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយក្រវ៉ាន់ បានចុះល្បាតតាមមូលដ្ឋានស្មុគស្មាញ ។
ពេលល្បាតដល់ចំណុចខាងលិចវត្តម្រុំខាងជើង សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពើបប្រទះជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងជាមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក៏ឃាត់ត្រួតពិនិត្យ៖ ទី១~មានឈ្មោះ ថោង វិច្ឆិកា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបណ្តោះ អាសន្នរស់នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២~មានឈ្មោះ រៀម រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រ បច្ចុប្បន្ននៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមន បានបន្តថាក្រោយឃាត់ត្រួតពិនិត្យមុខសញ្ញាជនសង្ស័យទាំង០២នាក់ខាងលើ នគរបាលជំនាញធ្វើការដកហូតវត្ថុតាង៖ ទី១~ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនចំនួន ១៦កញ្ចប់(ក្នុងធំចំនួន០២កញ្ចប់,មធ្យមចំនួន០២កញ្ចប់ និងតូច ចំនួន ១២កញ្ចប់) ទី២~ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-4990 ចំនួន០១គ្រឿង ទី៣~ទូរស័ព្ទដៃចំនួន០៣ គ្រឿង(ម៉ាកOppo ០១គ្រឿង,ម៉ាកVivo ០១ គ្រឿង និង IPhone ០១គ្រឿង) និងទី៤~ខ្សៀរ សម្រាប់ជក់គ្រឿងញៀន០១ផងដែរ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ រួមជាមួយវត្ថុតាងគ្រឿងញៀនចំនួន១៦កញ្ចប់ នគរបាលក្រុង ច្បារមន បានកសាសសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញខេត្តកំពង់ស្ពឺដើម្បី ចាត់ការតាមផ្លូវច្បាប់៕
