ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបដិសេធសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក ស្តីពីការរៀបចំតំបន់ហ្គាហ្សាក្រោយសង្គ្រាម ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានបញ្ជាក់ថា ខ្លួន និងក្រុមប៉ាឡេស្ទីន រួមនិងក្រុមប្រដាប់អាវុធដទៃទៀត នឹងបន្តគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការតស៊ូ និងការពារខ្លួន។ សេចក្តីថ្លែងការណ៍របស់ក្រុមនេះបានសង្កត់ធ្ងន់ថា ការដាក់ពង្រាយកងកម្លាំងអន្តរជាតិណាមួយទៅកាន់តំបន់ហ្គាហ្សា ក្រោមក្របខ័ណ្ឌបច្ចុប្បន្ន គឺស្មើនឹងការរឹតត្បិតសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការសម្រេចចិត្តដោយខ្លួនឯង និងការធ្វើស្វ័យភាព។ គួរបញ្ជាក់ផងដែរថា សេចក្តីសម្រេចលេខ 2803 ដែលព្រាងដោយសហរដ្ឋអាមេរិកលើផែនការសន្តិភាពចំនួន 20 ចំណុចសម្រាប់តំបន់ហ្គាហ្សា ទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាចំនួន 13 រូប អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។