ភ្នំពេញ ៖

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈក្នុងនោះមួយចំនួន ត្រូវបានអគ្គិភ័យ លេបត្របាក់អស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចជំនាញ ចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង 7និង30នាទីយប់ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ2025 ស្ថិតនៅលើផ្លូវ 369 ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគាត់បានឃើញផ្សេងហុយចេញពីផ្ទះកើតហេតុខាងលើយ៉ាងខ្លាំង រួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀត យ៉ាងសន្ធោរសន្ធៅ ។

ភ្លាមនោះដែរ ពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នហើយ ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន ក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជាច្រើនគ្រឿងធ្វើការបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពីកម្លាំងជំនាញពន្លត់ចប់ ឃើញថាបានប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងក្នុងនោះដែរ មិនមានអ្នកស្លាប់និងរបួសនោះទេ ពោលគឺខូចខាតផ្ទះពលរដ្ឋអស់ជាច្រើនខ្នង រួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវ នៅពេលក្រោយ៕