ស្វាយរៀង ៖
ជនសង្ស័យជាជនជាតិវៀតណាមចំនួន៣០នាក់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងពីរ កន្លែងស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ២ស្ថិតនៅ សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
បើប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ ក្នុងប្រតបត្តិការនេះដែរ សមត្ថកិច្ចបានដកហូត សម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ២គ្រឿង, ធុងPC ចំនួន១០គ្រឿង, ទូរសព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន ៦ក្បាល។
ប្រតិបត្តិការនេះត្រូវបានដឹកនាំធ្វើក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិគណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរនិងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំងនោះមាន២១នាក់ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើ សកម្មភាពឆបោកតាមរយៈរូបភាពលួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗដែលជាការវិនិយោគក្លែងក្លាយនិងតាមរូបភាពលួងលោមឱ្យជនរងគ្រោះដំឡើង កម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណនិងគណនីធនាគាររបស់ជនរងគ្រោះ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បី បន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នង ការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា នេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយ គ្មានការលើកលែងឡើយ៕
