កណ្តាល ៖
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលជនសង្ស័យ ធ្លាប់មានប្រវត្តិចូលមណ្ឌលកែប្រែ ០៨ខែ(ពីបទប្រើប្រាស់គ្រឿងញៀន) ពេលចេញមកវិញមិនកែប្រែ ស៊ីផឹកជុំគ្នាបែជាយក ញញួរវាយក្បាលជនរងគ្រោះបណ្តាលអោយបែកឈាមរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣និង០៥នាទីកណ្តាលអាធ្រាតថ្ងៃទី ១៤ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ដែលបានដឹកនាំកម្លាំងចុះស្រាវជ្រាវដោយផ្ទាល់ បានប្រាប់អោយដឹងថា÷ជនរងគ្រោះឈ្មោះ ឆុន តុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាខោ ឃុំព្រះផុស ស្រុកតាក្រឡ ខេត្តបាត់ដំបង រងរបួសធ្ងន់ចំក្បាលពីក្រោយគុម្ពត្រចៀកខាងឆ្វេងហូរឈាមច្រើន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។ ចំនែកជនសង្ស័យមាន ឈ្មោះ ណែម បាន (ហៅ សល់) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិតំណាក់ត្របែក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មាននប្រវត្តិ ធ្លាប់ចូលមណ្ឌលកែប្រែក្នុងស្រុកកណ្ដាលស្ទឹងរយ:ពេល ០៨ខែ ពីបទ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ( វិជ្ជមានសារធាតុញៀន +) ។ វត្ថុតាងចាប់យក ÷ញញួរ០១ ផ្លែដែកដងជ័រប្រវែង៣៣ ស.ម និងទូរស័ព្ទ០១គ្រឿង ។
លោកអធិការបានបញ្ជាក់ថា÷នៅមុនវេលាកើតហេតុបន្តិច គឺ ជនរងគ្រោះនិងជនសង្ស័យបានអង្គុយហូបស្រាបៀរជាមួយគ្នានៅកន្លែងធ្វើសំណង់ ដែលមានគ្នីគ្នាចំនួន០៦នាក់ នៅក្នុងរោងចក្រស្បែកជើងនៃទីតាំងកើតហេតុ។ ពេលនោះ ជនសង្ស័យបានផឹកស្រាបៀរអស់ចំនួន០៣កំប៉ុង ក៏បានដើរទៅយកញញួរមកវាយក្បាលជនរងគ្រោះតែម្តង ហើយ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន។ ចំនែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ រួចក៏បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកញញួរវាយក្បាលជនរងគ្រោះប្រាកដមែន ដោយមូលហេតុខឹងជនរងគ្រោះធ្លាប់វាយខ្លួនកាលពី មួយខែមុន ។
ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
