តារាសម្តែង និងបង្ហាញម៉ូត ប៉ូគីមថេង សុតធីតា រាប់ទុកថាជាបវរកញ្ញាដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យប្រកួតសម្រស់។ កន្លងមក ស្រីស្អាតរូបនេះធ្លាប់បានតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិមួយចំនួន ទាំងនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសថៃ។ តួយ៉ាងកាលពីអំឡុងឆ្នាំ ២០២១ សុតធីតា បានចេញទៅប្រកួតនៅឯប្រទេសថៃ នៅក្នុងកម្មវិធី Miss Grand International។ យ៉ាងណាមិញ កន្លងមក នាងតែងតែរៀបរាប់ប្រាប់ពីបទពិសោធនានា ក៏ដូចជារឿងហួសចិត្តមួយចំនួន នៅតាមបណ្តាញសង្គម ដែលខ្លួនបានជួបនៅក្នុងកងប្រកួត។ ដោយឡែក នៅមុននេះ សុតធីតា បានចែករំលែករឿងភ្ញាក់ផ្អើលមួយទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពី ហ្វីយ៉ាតា បានជួបហេតុការណ៍ស្រដៀងគ្នានេះ ខណៈពេលដែលនាងបាននិងកំពុងតំណាងឱ្យកម្ពុជា ចូលរួមប្រកួតនៅលើក្នុងកម្មវិធី Miss Universe លើកទី៧៤ រៀបចំឡើងនៅប្រទេសថៃ។ សុតធីតា រៀបរាប់យ៉ាងដូច្នេះថា៖ «រឿងឡកឡឺយ១ team ពួកគាត់ជំនាញណាស់ ផ្លែផ្កាវិញលេខ១ អ្វីដែលជាការសំណូមពរដល់បង Fi មានតែពាក្យថាទ្រាំទេ ធ្វើមិនលឺហើយបន្តបេសកកម្មបន្តណាបង ព្រោះកាលជំនាន់ខ្ញុំលេបបាយទាំងអួលពេលគេឡកម្តងៗ សូម្បីយប់ចុងក្រោយដែលទទួលបានពានថប់១០ ក៏ទទួលបានពាក្យថា អូហូ Cambodia រ៉ូបអ្នកពាក់បែបហ្នឹងមិនសមបានទទួលពានថប់១០ សោះ ហើយគេពេបមាត់ទៀត ខ្ញុំនេះកាន់ពានទាំងញ័រដៃ នឹកឃើញស្តាយពានត្រូវតែយកមកខ្មែរឱ្យបានព្រោះជាពានរបស់បងប្អូនប្រជាជនខ្មែរទាំងមូល កុំអីកណ្តាលក្បាលគាត់បាត់ហើយ ស៊ូៗបង Fi ធ្វើគធ្វើថ្លង់ជាមួយសុនកព្រុសទៅបង»។

គួរឱ្យដឹងបន្ថែមថា ស្រីស្អាត ប៉ូគីមថេង សុតធីតា បានធ្វើការទម្លាយរឿងទាំងនេះ បន្ទាប់ពីលាក់ទុកក្នុងចិត្តអស់រយៈពេល ៥ ឆ្នាំ អំឡុងពេលប្រកួតនៅក្នុងកម្មវិធី Miss Grand International 2021 ដែលបានធ្វើឡើងនៅប្រទេសថៃ ហើយក៏ស្របពេលដែល ហ្វីយ៉ាតា ត្រូវបានអ្នកសារព័ត៌មានជនជាតិថៃដែលគ្មានវិជ្ជាជីវៈមួយក្រុម បានប្រើពាក្យសម្តីសើចចម្អក មាក់ងាយ និងមិនគោរពដល់តម្លៃស្ត្រី ជាច្រើនលើកច្រើនសារ៕