កណ្តាល ៖
សមត្ថកិច្ចតាមប្រមាញ់ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាជិះរថយន្តហើយដុតផាវគប់ចូលតាមលំនៅដ្ធានប្រជាពលរដ្ធ បង្កភាពអុកឡុក ក៏បែកធ្លាយរកឃើញការរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ និងកាន់កាប់អាវុធប្រហារបន្ថែមទៀត ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ២១និង១៥នាទីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា÷ជនសង្ស័យដែលឃាត់ខ្លួនមានចំនួន០២នាក់៖ ១- ឈ្មោះ ប៉ូច សុធី(ហៅកែម) ភេទប្រុសអាយុ ៤១ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, ២- ឈ្មោះ គូ សុភា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យមទម្ងន់( ៩,៥៦ក្រាម ) , គ្រាប់ផាវចំនួន៦គ្រាប់, ដាវកែឆ្នៃ០១ដើម,រថយន្ត០១គ្រឿងម៉ាកPRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BR -4258, ទូរស័ព្ទដៃ០១គ្រឿង និងប្រាក់មួយចំនួន ។
លោកអធិការបន្តទៀតថាក្រោយទទួលបានសេចក្តីរាយការណ៍ថា ជាច្រើនថ្ងៃមកហើយ! ដែលមានជនសង្ស័យទាំង០២នាក់ តែងតែជិះរថយន្ត ធ្វើសកម្មភាពដុតផាវគប់ចូលលំនៅដ្ធានប្រជាពលរដ្ធនិងគប់តាមដងផ្លូវថ្នល់សាធារណ:ទាំងកណ្តាលយប់ បង្កសម្លេងផ្ទុះរំខាននិងអុកឡុកជាប្រចាំនៅក្នុងភូមិឃុំកើតហេតុនោះ កម្លាំងប៉ុស្តិ៍កំពង់ស្វាយ បានសហការជាមួយប្រជាការពារ បានធ្វើការដាក់កម្លាំងចាំឃ្លាំមើល ក៏ឃើញរថយន្តជាមុខសញ្ញា កំពុងបើកបរតាមផ្លូវ ដោយដុតផាវគប់ចូលផ្ទះប្រជាពលរដ្ឋ និងគប់តាមដងផ្លូវ ។ ឃើញដូចនោះ កម្លាំងសមត្ថកិច្ច ក៌បានប្រដេញរហូតឃាត់រថយន្តបង្កនោះបាន រួចធ្វើការឆែកឆេរ រកឃើញគ្រាប់ផាវចំនួន០៦គ្រាប់ ស្រាប់តែរកឃើញបន្ថែមទៀតនូវម្សៅក្រាមពណ៌សថ្លា សង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់មធ្យម , ដាវកែឆ្នៃចំនួន០១ដើម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានឆ្លើយសារភាពថាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់មធ្យមទម្ងន់ ៩,៥៦ក្រាម ពិតជារបស់ពួកខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់អាយុប្រហែល៣២ឆ្នាំមិនស្គាល់ឈ្មោះនៅចំណុចផ្លូវ៦០ម៉ែត្រក្នុងតម្លៃ២៥០.០០០៛(ម្ភៃប្រាំម៉ឺនរៀល)ចំនែកគ្រាប់ផាវនិងដាវកែច្នៃ គឺពិតជារបស់ពួកខ្លួនមែន។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនិតិវិធី ៕
