កំពង់ចាម៖
សមត្ថកិច្ចចម្រុះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយករណី ឈានទៅរឹបអូសវត្ថុតាងឧបករណ៍នេសាទខុសច្បាប់ ធ្វើការបំផ្លាញចោលមួយចំនួនផងដែរ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិសាស្ត្រ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមលោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឱ្យដឹងថាក្នុងការចូលបង្ក្រាបបទល្មើសនេសាទនេះ លោក បានចាត់ឱ្យលោក ស៊ីវ សុខលីន អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ ដឹកនាំកម្លាំងមូលដ្ឋាន មានកងរាជអាវុធហត្ថស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន សហការជាមួយខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ករណី រួមមាន៖
ករណីទី០១៖ ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤២០ ម៉ែត្រ បង្គោលចម្រឹងចំនួន ២១០ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចរលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ករណីទី០២៖ ឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦៧០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៤៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ករណីទី០៣៖ ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៦៦៥ ម៉ែត្រ បង្គោលចម្រឹងចំនួន ៣២៥ ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២៥ គីឡូក្រាម ចំណុចក្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕
