មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសបានអះអាងថា ក្រុមរបស់ខ្លួន បានបញ្ចប់ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ខណៈដែលដំណាក់កាលទីពីរ និងការគ្រប់គ្រងនាពេលអនាគតនៅតំបន់ហ្គាហ្សា នៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា។ លោក អូសាមា ហាមដាន មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានពិពណ៌នាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបសម្រេចបានកាលពីពេលថ្មីៗនេះថា គ្រាន់តែជា "កិច្ចព្រមព្រៀងបឋម" មិនមែនជាការដោះស្រាយដ៏ទូលំទូលាយ ឬចុងក្រោយនោះទេ និងបានបញ្ជាក់ថាក្រុមហាម៉ាស បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយនៅក្រោមដំណាក់កាលទីមួយនេះ។ ទន្ទឹមនឹងនេះ លោក ហាមដាន ក៏បានព្រមានថា ការគំរាមកំហែងដ៏ធំបំផុតបច្ចុប្បន្ននេះ គឺជាគម្រោងការរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាម៊ីន ណេតាន់យ៉ាហ៊ូ ដែលសំដៅទៅលើចក្ខុវិស័យពង្រីកទឹកដី មិនត្រឹមតែតំបន់ វែស ប៊េង និងហ្គាហ្សា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកខ្លះនៃប្រទេសលីបង់ ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានីទៀតផង។
