ស្វាយរៀង៖ 

ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។

‎ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន៖កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater(ម៉ូបាល ត្រាយ ប៊ែន រីភីតធឺរ) ០១, ដុំ Wi-Fi ចំនួន ៤គ្រឿង, កាត ១សន្លឹក, រថយន្ត ១គ្រឿង ម៉ាក Lexus RX400h ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BZ-4107, ម៉ូតូ ៤គ្រឿង, ឯកសណ្ឋានសមត្ថកិច្ច, លិខិតឆ្លងដែន ១២ក្បាល, អត្តសញ្ញាណបណ្ណ ២៤សន្លឹក, បណ្ណបើកបរ ៥សន្លឹក និងផ្លាកលេខម៉ូតូវៀតណាម ១សន្លឹក ។‎

‎ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង មានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ  គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។‎

‎ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្ន កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។

‎‎សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនិងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕