ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតកីឡាប្រដាល់អន្តរជាតិលើកទី៦នៅទីក្រុងកំពង់សោមឆ្នាំ២០២៥កាលពីចុងសប្ភាហ៍កន្លងទៅ ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍លើកឡើងថាខេត្តព្រះសីហនុនឹងក្លាយជាគោលដៅរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរកម្រិតពិភពលោក ដូចនៅរដ្ឋឡាសវេហ្គាសសហរដ្ឋអាមេរិកនាពេលអនាគត។
ឯកឧត្តមបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថាដើម្បីប្រែក្លាយខេត្តជាប់មាត់សមុទ្រដ៏មានសក្ដានុពលមួយនេះក្លាយជាខេត្តអត្តសញ្ញាណនិងជាកន្លែងប្រកួតកីឡាប្រដាល់គុនខ្មែរដ៏ធំកម្រិតពិភពលោកផ្សព្វផ្សាយនៅលើឆាកអន្តរជាតិដូចនៅរដ្ឋឡាសវេហ្គាសយើងត្រូវរួមគ្នារៀបចំឱ្យមានការប្រកួតយ៉ាងហោចឱ្យបានមួយឆ្នាំម្ដងចាប់ពីឆ្នាំ២០២៥នេះទៅ។ឯកឧត្តមបានបញ្ជាក់ថាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិនត្រឹមបញ្ជាក់នូវអត្តសញ្ញាណដួងព្រលឹងជាតិ ល្បីសុះសាយទៅកាន់ពិភពលោកនោះទេ ពោលវាបានជួយឱ្យតម្លៃខ្លួនកីឡាករកម្ពុជាកាន់តែខ្ពស់ ហើយពិភពលោកនឹងចាប់អារម្មណ៍យកកម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ទស្សនាការប្រកួតកីឡាប្រដាល់ និងមានកីឡាករអាជីពល្បីៗជាច្រើននាំគ្នាមកប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកនៅខេត្តព្រះសីហនុរបស់យើង។ដូច្នេះទាល់តែគ្រប់ភាគីពាក់ព័ន្ធរួមគ្នារៀបចំផែនការទៅសម្រេចបានចក្ខុវិស័យមួយនេះ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ច្បាស់ហើយថាការរៀបចំឱ្យមានការប្រកួតជើងឯកពិភពលោកនាពេលនេះមិនមែនមានមហិច្ឆិតាចង់ធ្វើការប្រកួតប្រជែងជាមួយប្រទេសណាទាំងអស់ គឺដើម្បីឱ្យកម្ពុជារឹងមាំដោយខ្លួនឯង ជួយ ឱ្យខ្លួនឯងមានតម្លៃ និងមានបំណងឱ្យមានបណ្ដាប្រទេសនៅលើឆាកអន្តរជាតិចូលរួមកាន់តែច្រើននឹងជួយឱ្យកម្ពុជាសម្រេចក្ដីសុបិនដាក់បញ្ចូលលគុនខ្មែរនៅក្នុងអូឡាំពិក។
ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានលើកឡើងថាការរៀបចំឱ្យមានការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈអន្តរជាតិដ៏ធំនៅខេត្តព្រះសីហនុលើកទី៦នាពេលដ៏ឆាប់ខាងមុខនេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយដ៏អស្ចារ្យសម្រាប់កម្ពុជាដែលបានបង្ហាញពីការពួតដៃគ្នាជាធ្លុងមួយរវាងសហព័ន្ធគុនខ្មែរទាំងពីរជម្រុញការផ្សព្វផ្សាយគុនខ្មែរប្រកបដោយថាមពលឆ្ពោះទៅរកឧត្តមភាពលើឆាកអន្តរជាតិកាន់តែឆាប់រហ័ស។អគ្គលេខាធិការស្ដីទីរូបនេះបានឱ្យដឹងទៀតថាការគាំទ្ររបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុនិងវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរនិងលើកតម្កើងអត្តសញ្ញាណជាតិលើឆាកអន្តរជាតិ។
គួរំឭកផងដែរថាព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ជើងឯកពិភពលោកធ្វើឡើងចាប់ពីថ្ងៃទី១៧-២១ខែធ្នូឆ្នាំ២០២៥មាន៣៧ប្រទេសចូលរួមបើគិតត្រឹមថ្ងៃទី២២ខែវិច្ឆិកានេះ។ក្នុងនោះមាន២៣ប្រទេចុះឈ្មោះរួចនិង១៤ប្រទេសទៀតនឹងបញ្ជូនឈ្មោះមកនាពេលដ៏ឆាប់ខាងមុខ៕
