បាត់ដំបង៖ 

បុរសម្នាក់ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាកCLA.45 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា  C-M5555 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកអ្នកថ្មើរជើងឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុរួចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីរងចាំដោះស្រាយតាមនីតិវិធី ៕