ប៉ៃលិន៖ 

រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ប៉ុស្តិ៍ទួលល្វា បានចុះបង្រ្កាបជាក់ស្តែងករណីចោរកម្មលួច មានស្ថានទម្ងន់ទោស ចំនួន០១ករណី ខណៈនគរបាលកំពុងតែចុះបង្ក្រាប ស្រាប់តែជនសង្ស័យឃើញនគរបាលចុះទៅដល់ភ្លាម ដោយស្លន់ពេកក៏បើកម៉ូតូបុកនាយប៉ុស្តិ៍នគរបាលប៉ៃលិនរងរបួស។ 

ប្រភពព័ត៌មាន បានឱ្យដឹងថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០នាទីរសៀល កម្លាំងនគរបាលចំណុះអង្គភាពនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន តាមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស មានឈ្មោះ ទៀង សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដេញដល់ចំណុចផ្លូវបែកជាបួនត្រង់ចំណុចចំការកាហ្វេ ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ប្រភពបន្តទៀតថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ក៏បានកាក់មុខសញ្ញានេះឱ្យឈប់ដើម្បីសួរនាំ តែជនសង្ស័យមុខសញ្ញានេះ មិនព្រមឈប់ម៉ូតូនោះទេ ដោយបានជិះម៉ូតូក្នុងល្បឿនលឿនបំបុកទៅលើសមត្ថកិច្ចនគរបាល គឺលោកវរៈសេនីយ៍ត្រី សឿ ឡងឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន បណ្តាលឱ្យរងរបួសចំស្មងជើងខាងស្តាំ (ដេរអស់ចំនួន៥ថ្នេរ)។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្រោយពីបុកជនរងគ្រោះរួចក៏ដួលម៉ូតូ ដោយជនសង្ស័យរត់ចូលទៅក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋតាមចាប់ឃាត់ខ្លួនបានតែម្តង។

លុះមកដល់ថ្ងៃទី១៧ វិច្ឆិកានេះ ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួច រូបគេបានឆ្លើយសារភាពថាខ្លួន ធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ចំនួន០៥ករណីមកហើយ និងបានប្រព្រឹត្តិអំពើលួចកាត់ខ្សែភ្លើង ចំនួន០៧លើក។ 

សូមបញ្ជាក់ថា ជនសង្ស័យខាងលើជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) និងមានផ្ទុកនូវសារធាតុញៀន(+)។

វត្ថុតាងដែលដកហូតបានសរុបរួមមាន៖ ១-ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-7425 ចំនួន០១គ្រឿង ២-ខ្សែភ្លើង០១ដុំ ប្រហែល៥០ម៉ែត្រ ៣-ដែកចន្ទាសឡាន ចំនួន១០ដើម ៤-ដុំឌីណាម៉ូភ្លើង ចំនួន០៣ដុំ ៥-អាគុយបាស់ ចំនួន០១ដុំ ៦-ដែកដឺរ៉ា ចំនួន០៣ដុំ ។ 

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាំង០៥នាក់ខាងលើ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់ ហើយករណីនេះ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់៕