អតតីតារាចម្រៀងដែលត្រូវបានមហាជនស្គាល់ច្បាស់ថាជាម្ចាស់បទ «ទឹកភ្នែកខ្ទើយ» លោក អាន វិសាល មានការរយាលពីសិល្បៈជាខ្លាំង បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះក្នុងវិស័យនេះ ហើយស្ទើតែមិនបង្ហាញមុខនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងណាមិញបើតាមដឹង មូលហេតុនៃការបាត់មុខលើវិថីសិល្បៈនេះ ក៏ដោយសារតែលោកបានងាកទៅប្រកបអាជីពបើកហាងអាហារមួយកន្លែង ដែលមានឈ្មោះថា «អាន វិសាល ម្ហូបខ្មែរ»។ ដោយឡែកថ្មីៗនេះ មហាជនបែរជាមានការភ្ញាក់ផ្អើលទៅកាន់តារាចម្រៀងរូបនេះទៅវិញ បន្ទាប់ពីទទួលបានដំណឹងថា លោកកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង។ បើយោងតាមការរៀបរាប់របស់ លោក វណ្ណា ស័ក្តិ កូនប្រុសរបស់តារាកំប្លែង ណយ សំណាង និងត្រូវជាមិត្តជិតដិតរបស់លោក អាន វិសាល បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គម កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា តារាចម្រៀងខាងលើ បាននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យេកជនមួយកន្លែង កំពុងតែតាមដានពីអាការជំងឺ ដោយខណៈពេលនេះនៅមិនទាន់ដឹងពីស្ថានភាពជំងឺធ្ងន់ ឬស្រាលនៅឡើយទេ។ បន្ថែមពីលើសំណេរនេះ លោក វណ្ណា ស័ក្តិ ថែមទាំងសំណូមពរឱ្យមហាជនអ្នកគាំទ្រផ្ញើជាពាក្យជូនពរល្អៗទៅកាន់ លោក អាន វិសាល ផងដែរ។

ដ្បិតថា នៅមិនទាន់ដឹងច្បាស់ពីអាការជំងឺក្តី ក៏អ្នកគាំទ្រនៅតែបង្ហាញការព្រួយបារម្ភ បន្ទាប់ពីបានឃើញរូបភាពនៃការគេងលើគ្រែពេទ្យរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ៕