សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បញ្ជាក់ថា ក្រៅពីការអភិរក្សកីឡាទាញព្រ័ត្រ កាប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានគោលដៅអភិវឌ្ឍល្បែងទាញព្រ័ត្រ ទៅជាកីឡាប្រពៃណីបែបសម័យទំនើប។ ជាមួយគ្នានេះ សហព័ន្ធ ក៏មានបំណងផ្សព្វផ្សាយ និងប្រមូលធនធានអត្ដពលិកចូលក្រុមជម្រើសជាតិ កាន់តែច្រើន ក៏ដូចជាដើម្បីរំឭកថ្ងៃដែលអង្គការយូណេស្កូ បានចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌអរូបិនៃមនុស្សជាតិ។

បើតាមសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មាន៤ប្រភេទវិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែកបុរស ៨ ទល់ ៨នាក់ ទម្ងន់ ៦០០គីឡូក្រាម, ផ្នែកនារី ៨ ទល់ ៨នាក់ ទម្ងន់ ៥០០គីឡូក្រាម, ផ្នែកបុរស ៤ទល់ ៤នាក់ ទម្ងន់៣០០គីឡូក្រាម និងផ្នែកនារី ៤ ទល់ ៤នាក់ ទម្ងន់ ២៥០គីឡូក្រាម។

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានលម្អិតថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មានគោលបំណងសំខាន់ៗ៥ គឺទី១ ដើម្បីចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍល្បែងទាញព្រ័ត្រ ដែលមានទំនាក់ទំនងវប្បធម៌ប្រពៃណីខ្មែរ។ គោលបំណងទី២ ដើម្បីអភិវឌ្ឍពីល្បែងទាញព្រ័ត្រ ឲ្យទៅជាកីឡាប្រពៃណីបែបសម័យទំនើប និងការប្រកួតជាលក្ខណៈជ្រើសរើសជើងឯកកម្រិតជាតិ និងជ្រើសរើសជើងឯកកម្រិតអាស៊ាន និងអាស៊ី ហើយប្រែក្លាយទៅជាកីឡា ដែលមានសក្ដានុពលតំណាងឲ្យជាតិ លើឆាកអន្ដរជាតិ។

ការរៀបចំការប្រកួតថ្នាក់ជាតិនេះ ក៏ដើម្បីជ្រើសរើសក្រុមខ្លាំង ដែលមានសមត្ថភាពល្អ និងឆ្នើម សម្រាប់ត្រៀមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងចូលរួមប្រកួតលក្ខណៈអន្ដរជាតិនានា តាមការអញ្ជើញរបស់សហព័ន្ធកីឡាទាញព្រ័ត្រអន្ដរជាតិ។

គោលបំណងទី៤ គឺសហព័ន្ធ ចង់បំផុសវិស័យកីឡាទាញព្រ័ត្រនៅកម្ពុជា ឲ្យកាន់តែមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ គាំទ្រកាន់តែច្រើនពីមហាជនទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ នៅអំឡុងខែធ្នូ ជារៀងរាល់ឆ្នាំ ក៏ដើម្បី រំឭកដល់ថ្ងៃ ដែលល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបេតិកភណ្ឌអរូបិនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ផងដែរ ។ពាក់ព័ន្ធនឹងការចូលរួមប្រកួត សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា តម្រូវឲ្យសមាគម-ស្ថាប័នកីឡាទាញព្រ័ត្ររាជធានី-ខេត្ត បញ្ជូនអត្ដពលិកអាយុក្រោម ១៨ឆ្នាំ យ៉ាងតិចឲ្យបាន ៤នាក់៕