បាត់ដំបង៖ 

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ 

ខែវិច្ឆិកា ២០២៥ លោកវរៈសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំង ចុះធ្វើការបង្រ្កាបឃាត់ខ្លួនយុវជនមួយក្រុមមានគ្នាចំនួន០៥នាក់។

លោកអធិការ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង០៥នាក់នេះ ធ្វើឡើង បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៣៣ ស្ថិតក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ហើយក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច  ពួកគេ បានសារភាពថាមូលហេតុដែលនាំទៅដល់ការបង្កហិង្សាបណ្តាលឱ្យរងរបួសបែបនេះគឺដោយសារពេលកន្លងមក ពួកគេធ្លាប់មានទំនាស់ដោយពាក្យសំដីជាមួយជនរងគ្រោះទើបពេលនេះពួកគេធ្វើសកម្មភាពបែបនេះឡើង។

បច្ចុប្បន្ន ក្រុមយុវជនទាំង០៥នាក់រួមជាមួយវត្ថុតាង ,កាំបិតកញ្ចែតផ្លែដែកដងឈើ០១ដើម និងកាំបិតកែច្នៃ០៣ដើម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំ បញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕