ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកពិភពលោក ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ គឺជាការលើកស្ទួយគុនខ្មែរ មរតកវប្បធម៌ និងអត្តសញ្ញាជាតិខ្មែរលើឆាកអន្តរជាតិ រួមទាំងគោលដៅសំខាន់ៗមួយចំនួនទៀត។នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាគុនខ្មែរពិភពលោក ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារពហុពាណិជ្ជកម្ម ជីប ម៉ុង រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត មាម រ៉ា ប្រធានសហព័ន្ឋគុនខ្មែរអន្តរជាតិ និងលោកអគ្គនាយកបន្តវេន អ៊ុង វីរៈ ដំណាងអ្នកឧកញ៉ាលាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

គោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ជើងឯកពិភពលោកនេះ រួមមាន៖ ១.ដើម្បីលើកស្ទួយគុនខ្មែរលើឆាកអន្តរជាតិ ពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់អត្តពលិក និងវិជ្ជាជីវៈរបស់មន្ត្រីបច្ចេកទេស ដើម្បីជំរុញការដាក់ប្រទេសកម្ពុជាជាគោលដៅនៃទីតាំងរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗនៅអាស៊ី ដើម្បីបង្កើនមិត្តភាព សាមគ្គីភាព និងការទូតកីឡាក្នុងចំណោមប្រទេសដែលចូលរួម។ ប្រតិភូ និងប្រទេសដែលចូលរួមមាន២៨ប្រទេស ដែលបានបញ្ជាក់ពីការចូលរួមរបស់ខ្លួន និងអាចនឹងកើនឡើងច្រើនជាង៣០ប្រទេសមកពីទ្វីបអាស៊ី អឺរ៉ុប អាមេរិក អូសេអានី និងអាហ្វ្រិក។

ចំពោះកម្មវិធីប្រកួតគ្រោងនឹងរៀបចំកម្មវិធីបើកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អមដោយការសម្តែងសិល្បៈរបាំ ចម្រៀង និងការសម្តែងក្បាច់គុនបុរាណខ្មែរផងដែរ ការប្រកួតលក្ខណៈស្ម័គ្រចិត្ត ពេញវ័យវគ្គជម្រុះ និងការប្រកួតអាជីពកម្រិតខ្ពស់ដណ្ដើមខ្សែក្រវាត់ជើងឯកគុនខ្មែរពិភពលោក២គូរៀងរាល់ថ្ងៃ (សរុប៨គូ) ដោយកីឡាករជួរមុខកម្រិតខ្ពស់របស់កម្ពុជា៨នាក់ប្រកួតជាមួយកីឡាករអាជីពកម្រិតខ្ពស់ៗមកពីបណ្តាប្រទេសនានា។

បន្ថែមពីលើនេះ ឯកឧត្តម ខូវ ឆាយ សង្កត់ធ្ងន់ថា ចំពោះសារៈសំខាន់សម្រាប់កម្ពុជា គឺព្រឹត្តិការណ៍គុនខ្មែរជើងឯកពិភពលោកនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងកិត្តិយស កិត្តិសព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាទឹកដីកំណើតរបស់គុនខ្មែរ ជាគោលដៅទេសចរណ៍ដ៏សម្បូរបែប និងឈានមុខគេ ជាម្ចាស់ផ្ទះដែលមានសមត្ថភាពក្នុងការផ្តល់នូវបដិសណ្ឋារកិច្ច និងការរៀបចំព្រឹត្តិការណ៍កីឡាស្តង់ដារអន្តរជាតិ។ បង្ហាញពីការទទួលស្គាល់យ៉ាងទូលំទូលាយជាសកលនៃកីឡាប្រដាល់គុនខ្មែរ តាមរយៈការចូលរួមពីបណ្តាប្រទេសសមាជិកជាច្រើនពុំធ្លាប់មានពីមុនមក៕