ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានចាត់ទុកថា ការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតថ្នាក់ជាតិមួយនេះសមិទ្ធផលថ្នាក់ជាតិថ្មីមួយទៀត កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ដោយបង្ហាញពីការរីកចម្រើនជំនាញកីឡាអូឡាំពិកមួយនេះកាន់តែប្រសើរ។

ឯកឧត្តម លី កុសល មានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្នាក់ជាតិនេះត្រូវបានគណៈកម្មការទាំងអស់បានប្រុងប្រៀបទុកមុនជា ក្នុងរៀបចំការប្រកួត មានការប្រជុំពិនិត្យវាយតម្លៃ និងរៀបចំទៅតាមមុខសញ្ញានីមួយៗ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយក៏បានចាប់ដំណើរការប្រកបដោយប្រសិទ្ធភាព។ របាយការណ៍បានបញ្ជាក់ឱ្យឃើញថាក្រោយការប្រកួត គឺកីឡាករ កីឡាការិនីមួយចំនួនបានទទួលនូវជ័យលាភីតាមការំពឹងទុក។ នេះក៏ដោយសារការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តរបស់កីឡាករ កីឡាការិនីគ្រប់រូបដើម្បីដណ្តើមជ័យជម្នះគួបផ្សំនឹងការជួយជំរុញបង្ហាត់បង្រៀនពីគ្រូបង្វឹក ហើយនឹងការដឹកនាំដោយផ្ទាល់ពីក្លឹប-សមាគមនីមួយៗ ទៅតាមផែនការ និងទិសដៅ ដែលបានកំណត់។

ឯកឧត្តមកត់សម្គាល់បន្ថែមថា ក្រោមការយកចិត្តទុកដាក់ និងការទំនុកបម្រុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្លឹបកីឡាវាយសី ដែលចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញការងាររបស់មន្ត្រី សហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ចំពោះលទ្ធផលក្រោយការប្រកួតបានបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការរីកចម្រើននៃវិស័យកីឡាវាយសី នៅកម្ពុជា ដែលកំពុងវិវឌ្ឍឈានឡើងឆ្ពោះទៅមុខឥតឈប់ឈរគួរជាទីមោទនៈ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធបានផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនីទាំងអស់ ទោះបីដណ្តើមបានមេដាយក្តី ឬមិនបានក្តី ត្រូវតែប្តេជ្ញា ចិត្តហ្វឹកហាត់ឱ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាកីឡាករឆ្នើមមានសិទ្ធផលខ្ពស់ ត្រៀមចូលរួមប្រកួតលក្ខណៈអន្តរជាតិ ដណ្តើមយកមេដាយមាសជូនជាតិ មាតុភូមិរបស់យើងជាបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានជម្រាបជូនថា ការប្រកួតលើកនេះមានប្រតិភូកីឡាអញ្ជើញមកពីបណ្តាខេត្ត-ក្រុង ចូលរួមចំនួន១៨សម្ព័ន្ធ-ក្លឹបកីឡាវាយសី និងមានកីឡាករ កីឡាការិនី សរុបមានចំនួន ២៤៩នាក់។ ឯកឧត្តម កែវ រស់ បង្ហាញលទ្ធផលជ័យលាភីផងដែរថា ក្លឹបវាយសីក្រសួងមហាផ្ទៃ ឈរចំណាត់ថ្នាក់លេខ១ ដណ្ដើមបានមេដាយសរុប ៥គ្រឿង (មាស ៣ ប្រាក់ ១គ្រឿង និងសំរឹទ្ធិ ១) ក្លឹបយុវជននគរបាលជាតិ ឈរលេខ២ មេដាយសរុប ៣គ្រឿង (មាស ២ និងប្រាក់១)។ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានមេដាយមាស ១ មេដាយប្រាក់ ៣ និងមេដាយសំរឹទ្ធ ២ ខណៈក្លឹបមួយចំនួនទៀតដណ្តើមបានមេដាយ និងឈរនៅលេខរៀងបន្តបន្ទាប់៕