ភ្នំពេញ៖ 

បុរសជាជាងកាត់កញ្ចក់ម្នាក់ បានជិះម៉ូតូទៅធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះជាមួយរថយន្តមួយគ្រឿង ចេញមកពីដេប៉ូលក់គ្រឿងសំណង់ បណ្ដាលឲ្យដួលចូលចំណែកផ្លូវម្ខាងទៀត ហើយត្រូវរថយន្តមួយគ្រឿងមកដល់កិនស្លាប់នៅនិងកន្លែង។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ  អ៊ុន លឹមជាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួល សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ភូមិព្រែករំដេង ឃុំ ព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LR-0675 ។ 

តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង គោលបំណងទៅធ្វើការ។ នៅពេលធ្វើដំណើរមកដល់ចំណុចមុខដេប៉ូលក់គ្រឿងសំណង់ក្រុមហ៊ុន ឡុងសិន ផ្គត់ផ្គង់សម្ភារៈសំណង់ បានប៉ះជាមួយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-3016 ដែលបើកបរចេញពីក្នុងឃ្លាំង ហើយ បើកទទឹង ឆ្លងផ្លូវ។

តាមសាក្សី បានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះ ជនរងគ្រោះ ក៏បានប៉ះរថយន្តផ្នែកខាងមុខ បណ្តាលអោយដួលចូលទៅចំណែកផ្លូវម្ខាងទៀត។ ភ្លាមៗនោះ ជនរងគ្រោះបានអង្គុយនិងប្រុងក្រោកឡើង ស្រាប់តែមានរថយន្តម៉ាក អាផាត មួយគ្រឿង ពណ៌ខ្មៅធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកកិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុរួចបើកកិច្ចបាត់ទៅ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់រថយន្តនិងអ្នកបើកបរដែលបានប៉ះជាមួយម៉ូតូមុនដំបូង  បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយ។ ដោយឡែក សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ រករថយន្តអាផាត ដែលបានកិនទៅលើជនរងគ្រោះស្លាប់៕