ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជាបានអញ្ជើញជាអធិបតីភាពបើកការប្រកួតកីឡាស្ប៉េស្បាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៥ និងវេទិកាអប់រំសុខភាពអាណាព្យបាល នៅក្នុងពហុកីឡដ្ឋានជាតិដោយមានការចូលរួមពីសំណាក់ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ និងជាគណៈកម្មការរៀបចំការប្រកួត ព្រមទាំងលោក លោកស្រីជាប្រធានការិយាល័យរាជធានី ខេត្ត អង្គការ សមាគម និងអាណាព្យាបាល។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ និងជាគណៈកម្មការរៀបចំការប្រកួតបានគូសបញ្ជាក់ថា ការរៀបចំការប្រកួតនេះឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី រាជធានី-ខេត្ត បានជួបជុំគ្នាប្រកួតប្រជែង និងផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក។ ដែរមានសមាសភាពប្រតភូ គណៈកម្មការ អ្នកស័្មគ្រចិត្ត កីឡាការ កីឡាការិនី និងអាណាព្យាបាលចូលរួមសរុបចំនួន៣២០នាក់ មកពី៩រាជធានី ខេត្ត។

នាឱកាសនេះដែរឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិកា និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មមាញឹកមកចូលរួម និងរៀបចំកម្មវិធីនេះឡើង ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការ ខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់៕