កំពង់ធំ៖
គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរថយន្តក្រុងមួយគ្រឿង ផ្ទុកអ្នកដំណើរ ៣៧នាក់ បានក្រឡាប់បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ថា រហូតមកដល់ម៉ោង១០ព្រឹក សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹកដោយជោគជ័យ និងបញ្ជាក់ចំនួនជនរងគ្រោះដូចខាងក្រោម៖
-ស្លាប់ ១៣នាក់ (ស្រី ៨នាក់)
-របួស ២៤នាក់
មូលហេតុដំបូងដែលសមត្ថកិច្ចសន្និដ្ឋានបាន គឺ អ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក ។
បច្ចុប្បន្ន សាកសពទាំង១៣នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារ។ សមត្ថកិច្ច កំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែម ៕
