កំពង់ស្ពឺ៖ 

ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានលង់ទឹកត្រពាំងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលប្រាប់ម្តាយថាទៅដើររើសខ្យងជាមួយមិត្តភក្តិរស់នៅផ្ទះក្បែរគ្នា ហើយក៏រអិលជើងធ្លាក់ចូលត្រពាំងទឹកជ្រៅស្លាប់តែម្តង។

ការភ្ញាក់ផ្អើលក្មេងប្រុសរអិលជើងធ្លាក់ចូលត្រពាំងទឹកលង់ស្លាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥ នៅចំណុចត្រពាំងទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះ ភារុន វិចិត្ត អាយុ៦ឆ្នាំ រស់នៅក្នុងភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងទៀតថា បើយោងតាមការបញ្ជាក់ពី ឈ្មោះ ផា ចន្ថា ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាម្តាយសពក្មេងប្រុសរងគ្រោះបានរៀប់រាប់ថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កូនប្រុសរបស់គាត់(ក្មេងប្រុសជនរងគ្រោះ) បានប្រាប់គាត់ថា ទៅដើរទៅរើសខ្យងជាមួយឈ្មោះ ប៊ុនថន  វិរៈបុត្រ ភេទប្រុស អាយុ៥ឆ្នាំ រស់នៅក្បែរផ្ទះ ក្នុងភូមិ~ឃុំជាមួយគ្នា បានទៅដើររើសខ្យងនៅតាមបឹងស្រែខាងកើតផ្ទះចំងាយប្រហែល៥០០ម៉ែត្រ.

នៅពេលដែលកូនប្រុសរបស់គាត់ដើររើសខ្យតាមបឹងស្រែ រហូតដល់ត្រពាំងមួយក៏បានរអិលជើងធ្លាក់ចូលត្រពាំងទឹកនោះ។ ក្មេងប្រុសឈ្មោះប៊ុនថន  វិរៈបុត្រ ភេទប្រុស អាយុ៥ឆ្នាំ បានរត់មកផ្ទះប្រាប់គាត់បង្កឱ្យមានការភ្ញាក់ផ្អើល គាត់ក៏បានពឹងអ្នកជិតខាងជួយចុះរាវរកកូនប្រុស និងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍រក។ស្រះដែលកូនប្រុសរបស់គាត់លង់នោះមានជម្រៅរហូតដល់៦ម៉ែត្រឯណ្ណោះ ពេលរាវឃើញកូនប្រុសរបស់គាត់បានលង់ទឹកស្លាប់ទៅហើយ ។

នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា ក្រោយរកឃើញសពក្មេងប្រុសខាងលើ នគរបាលជំនាញធ្វើការពិនិត្យដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ នគរបាលបាលប៉ុស្តិ៍ មេភូមិ ក្រុមគ្រួសារជនរងគ្រោះផងដែរ។ សាច់ញាតិក្រុមគ្រួសារ សពក្មេងប្រុសខាងលើ បានទទួលស្គាល់ថា ក្មេងប្រុសពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន ។

ក្រោយពិនិត្យធ្វើកោសល្យវិច្ច័យរួចសពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕